ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាផ្លូវការ សម្រាប់ដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា នារសៀលនេះ


ភ្លាមៗបន្ទាប់ពីដំណើរការតាក់តែងវិញ្ញាសាយ៉ាងហ្មត់ចត់ពីសំណាក់ក្រុមសាស្ត្រាចារ្យទាំង ៦៦រូប នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅកម្រិតមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ) ឆ្នាំសិក្សា២០២៦-២០២៧ បានឈានដល់ដំណាក់កាលសម្រេចចិត្តដ៏សំខាន់ ដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល (ERA) ដើម្បីពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាប្រឡងនាពេលរសៀលនេះ។
ㅤ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិនិត្យយ៉ាងល្អិតល្អន់ និងហ្មត់ចត់បំផុតលើរាល់បណ្តុំសំណួរ និងគ្រប់ជម្រើសវិញ្ញាសាទាំងអស់ ដែលក្រុមសាស្ត្រាចារ្យទើបតែបានតាក់តែងរួចរាល់ ក្នុងលក្ខខណ្ឌកាត់ផ្តាច់រាល់ការទំនាក់ទំនងពីខាងក្រៅ និងរក្សាសម្ងាត់ជាទីបំផុត។ ផ្អែកលើសំណួរយុទ្ធសាស្ត្រដែលបានរៀបចំឡើង ឯកឧត្តមប្រធានបានសម្រេចជ្រើសរើសយកសំណួរ សម្រាប់វិញ្ញាសាសរសេរឯកទេស វិញ្ញាសាភាសាបរទេស និងជ្រើសរើសយកសំណួរសម្រាប់ផ្នែកនីមួយៗនៃវិញ្ញាសាចំណេះដឹងទូទៅ និងវិស័យអប់រំ ដើម្បីធានាឱ្យបានដាច់ខាតនូវគុណភាព សុក្រឹតភាព និងភាពត្រឹមត្រូវស្របតាមគុណវុឌ្ឍិនៃមុខតំណែង។
ㅤ
បន្ទាប់ពីវិញ្ញាសាប្រឡងត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេចជ្រើសរើសរួចរាល់ អនុគណៈកម្មការកណ្តាល បានទទួលភារកិច្ចបន្តភ្លាមៗ ក្នុងការចាត់ចែងថតចម្លងប្រធានវិញ្ញាសា ព្រមទាំងរៀបចំបែងចែកកញ្ចប់វិញ្ញាសាសម្ងាត់ទាំងនោះ ទៅតាមចំនួនបេក្ខជនពិតប្រាកដ ក្នុងបន្ទប់នីមួយៗ នៃមណ្ឌលប្រឡងទាំង៤ ឱ្យបានត្រឹមត្រូវតាមពេលវេលាកំណត់យ៉ាងយកចិត្តទុកដាក់ និងក្រោមការតាមដាន ឃ្លាំមើលជាប់ជាប្រចាំ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការពិនិត្យនិងវាយតម្លៃ។