ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ ដើម្បីធានានូវការសម្ងាត់បំផុត


ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងដើម្បីធានានូវភាពសុក្រឹតនៃវិញ្ញាសា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យផ្ទាល់នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល ដើម្បីសម្រេចជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែងនាពេលរសៀលនេះ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យយ៉ាងល្អិតល្អន់ និងវាយតម្លៃដោយផ្ទាល់លើសំណុំកញ្ចប់វិញ្ញាសាទាំង ១៥០សំណួរ ដែលផលិតឡើងដោយសាស្ត្រាចារ្យនៃអនុគណៈកម្មការតាក់តែងវិញ្ញាសា។ ឆ្លងកាត់ការពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្រេចជ្រើសរើសយកចំនួន ១០០សំណួរ ចេញពីសំណុំវិញ្ញាសាសរុប ដើម្បីរៀបចំជាប្រធានវិញ្ញាសាសម្រាប់ដាក់ឱ្យបេក្ខជនប្រឡងប្រជែងទៅតាមកម្រិតសិក្សាទាំង៤ (មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ)។

យ៉ាងណាមិញ ចំពោះវត្តមានផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាព្រឹកនេះ បានបង្ហាញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាការសម្ងាត់ និងការពារដាច់ខាតមិនឱ្យមានការលេចធ្លាយវិញ្ញាសា ក្នុងគោលបំណងធានាបាននូវការប្រកួតប្រជែងប្រកបដោយតម្លាភាព និងយុត្តិធម៌បំផុត។

ប្រភព៖ ក្រសួងមុខងារសធារណៈ