អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទាត់ចោលសម្ដីរបស់តំណាងថៃប្រចាំUN ដែលចោទថា “ពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងព្រៃចាន់ គឺរស់នៅលើទឹកដីថៃ” ដោយសង្កត់ធ្ងន់ថា «បើអះអាងថាជាទឹកដីរបស់ខ្លួន សូមបង្ហាញមូលដ្ឋានគតិយុត្ត»
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានចេញមុខបដិសេធយ៉ាងដាច់ខាត ចំពោះការចោទប្រកាន់របស់ភាគីថៃដែលបានចោទថា ប្រជាពលរដ្ឋខ្មែរនៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ គឺបានចូលទៅរស់នៅទឹកដីថៃ ដោយសង្កត់ធ្ងន់ទៅភាគីថៃវិញថា «បើអះអាងថាជាទឹកដីរបស់ខ្លួន សូមបង្ហាញមូលដ្ឋានគតិយុត្ត»។


ការលើកឡើងរបស់អ្នកនាំពាក្យរងនេះ ធ្វើឡើងបន្ទាប់ពីតំណាងថៃ ប្រចាំអង្គការសហប្រជាជាតិ ព្យាយាមចោទថា ប្រជាពលរដ្ឋកម្ពុជានៅតំបន់ភូមិជោគជ័យ និងព្រៃចាន់បានចូលរស់នៅលើទឹកដីថៃ និងដែលអំពាវនាវឱ្យកម្ពុជាកុំយកបញ្ហាព្រំដែនទៅលើកឡើងនៅវេទិកាអន្តរជាតិ។ ការណ៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធទាំងស្រុង និងទាត់ចោលការអះអាងបែបនេះ។
ជាមួយគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ការអះអាងម្តងហើយម្តងទៀតរបស់ភាគីថៃ មិនអាចប្រែក្លាយការអះអាងឯកតោភាគីឱ្យក្លាយជាការពិតផ្លូវច្បាប់បានទេ។ ខ្សែព្រំដែនអន្តរជាតិ មិនត្រូវបានកំណត់ដោយសេចក្តីថ្លែងការណ៍ ផែនទីឯកតោភាគី វត្តមានកងកម្លាំង ការដាក់ទូកុងតៗន័របិទផ្លូវ លួសបន្លា ឬស្ថានភាពដែលភាគីថៃបានបង្កើតឡើងនៅលើដីនោះឡើយ។ សូម្បីតែឯកសារផ្លូវការរបស់ក្រសួងការបរទេសថៃក៏ទទួលស្គាល់ថា ព្រំដែនកម្ពុជា–ថៃ មានមូលដ្ឋានពីអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីពាក់ព័ន្ធ ខណៈ MOU ឆ្នាំ២០០០ កំណត់ឱ្យការវាស់វែង និងខណ្ឌសីមាព្រំដែនត្រូវធ្វើរួមគ្នាតាមរយៈ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោល (JBC)។
លោកបណ្ឌិតសង្កត់ធ្ងន់ថា ហេតុដូច្នេះ បើភាគីថៃជឿជាក់ថា តំបន់ដែលខ្លួនកំពុងអះអាងជាទឹកដីរបស់ខ្លួននោះ មានមូលដ្ឋាន គតិយុត្តច្បាស់លាស់ សូមយកផែនទី កូអរដោនេ និងឯកសារគតិយុត្តមកផ្ទៀងផ្ទាត់ ជាមួយកម្ពុជាតាមយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងរួចហើយ។ ការប្រើកងកម្លាំង ការដាក់លួសបន្លា ទូកុងតឺន័រ ការជីកលេណដ្ឋាន ឬការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី មិនអាចបង្កើតខ្សែព្រំដែន ឬសិទ្ធិអធិបតេយ្យស្របច្បាប់បានឡើយ។
ទន្ទឹមនេះ ពាក់ព័ន្ធនឹងស្ថានការណ៍ការលើកឡើងរបស់ថៃអំពី «ជម្រកតាំងពីទសវត្សរ៍ឆ្នាំ១៩៧០» លោកបណ្ឌិតបានគូសបញ្ជាក់ថា មិនអាចជំនួសចម្លើយចំពោះបញ្ហាស្នូលបច្ចុប្បន្នបានទេជាពិសេស ភាគីថៃខ្លួនឯងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ភាគីទាំងពីរត្រូវរក្សាទីតាំងកម្លាំងដោយគ្មានការរុលទៅមុខ ការរៀបចំក្រោមបទឈប់បាញ់ មិនប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិ ត្រូវប្រគល់ការវាស់វែងទៅ JBC ហើយត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងតំបន់រងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ហេតុនេះ ការអះអាងដែលថាថៃ «គោរពបទឈប់បាញ់» មិនអាចវាស់ត្រឹមតែថា មិនមានការបាញ់ប្រហារទ្រង់ទ្រាយធំនោះទេ។ ត្រូវវាស់តាមការអនុវត្តខ្លឹមសារទាំងមូលនៃកិច្ចព្រមព្រៀង រួមទាំងការមិនរុលកម្លាំង ការមិនបង្កើតស្ថានភាពថ្មីនៅលើដី ការមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការកំណត់ព្រំដែន និងការធានាឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះបាន។
ដោយឡែក ចំពោះការអំពាវនាវឱ្យកម្ពុជាកុំលើកបញ្ហាព្រំដែនទៅវេទិកាអន្តរជាតិ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «កម្ពុជាមិនអាចត្រូវបានទាមទារឱ្យស្ងៀមស្ងាត់ ខណៈបញ្ហាដែលប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពដែន និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅតែមិនទាន់ត្រូវបានដោះស្រាយ»។ ការលើកបញ្ហាតាមមធ្យោបាយសន្តិវិធី ស្របនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យរដ្ឋដោះស្រាយវិវាទដោយសន្តិវិធី និងគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់គ្នាទៅវិញទៅមក។
លោកបណ្ឌិត បានបន្តថាដរាបណាយោធាថៃនៅតែមានសកម្មភាពរំលោភលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួនដោយខុសច្បាប់ ការរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅលំនៅឋាន ឬការបង្កើតស្ថានភាពថ្មីនៅលើដី កម្ពុជានឹងនៅតែត្រូវបន្តផ្ដល់សិទ្ធិដោយច្បាប់ក្នុងការនិយាយ បន្តបង្ហាញភស្តុតាង និងបន្តលើកបញ្ហាទាំងនេះនៅគ្រប់យន្តការសន្តិវិធី ទាំងទ្វេភាគី តំបន់ និងអន្តរជាតិ។
ចុងក្រោយ លោកបណ្ឌិតគូសបញ្ជាក់សារជាថ្មីថា រឿងតែមួយគត់ គឺភាគីថៃត្រូវគោរពឯកសារដែលខ្លួនបានចុះហត្ថលេខា និងដោះស្រាយការខ្វែងគំនិតតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ បើអះអាងថាជាទឹកដីរបស់ខ្លួន សូមបង្ហាញមូលដ្ឋានគតិយុត្ត។ បើអះអាងថាគោរពបទឈប់បាញ់ សូមអនុវត្តខ្លឹមសាររបស់បទឈប់បាញ់ឱ្យបានពេញលេញ។ ការអះអាងឯកតោភាគីមិនអាចបង្កើតព្រំដែនបានទេ។ ស្ថានភាពដែលបង្កើតឡើងដោយកម្លាំងមិនអាចជំនួសការវាស់វែងតាមច្បាប់បានឡើយ។ ឯការស្នើឱ្យកម្ពុជាស្ងៀមស្ងាត់ ក៏មិនអាចធ្វើឱ្យបញ្ហាដែលនៅមានជាក់ស្តែងលើដីបាត់ទៅបានដែរ៕
ប្រភព៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (Touch Sokhak)













