ឆ្នាំសិក្សា២០២៦-២០២៧នេះ មានតម្រូវការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងាររហូតដល់ ៣,០០០កន្លែង!
ភ្នំពេញ៖ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ថ្មីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ៣,០០០កន្លែង ដើម្បីបម្រើការងារនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ក្នុងបណ្តាខេត្តគោលដៅទូទាំងប្រទេស។
ការប្រឡងប្រជែងនេះ ត្រូវបានបែងចែកជាពីរកម្រិត រួមមាន កម្រិតវិទ្យាល័យ ចំនួន ១,៨០០កន្លែង និង កម្រិតអនុវិទ្យាល័យ ចំនួន ១,២០០កន្លែង។ សម្រាប់កម្រិតវិទ្យាល័យ គោលដៅគឺ២៤ខេត្ត ក្នុងភូមិសាស្ត្រ ១៦៣ស្រុក ដោយលើកលែងរាជធានីភ្នំពេញ ខណៈកម្រិតអនុវិទ្យាល័យ គោលដៅ២៣ខេត្ត ក្នុងភូមិសាស្ត្រ ១៥៥ស្រុក ដោយលើកលែងរាជធានីភ្នំពេញ និងខេត្តកែប។ ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងបើកទទួលពាក្យតាមប្រព័ន្ធអនឡាញ ហើយបេក្ខជនដែលមានបំណងចូលរួមប្រឡងចុះឈ្មោះរហូតដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។













សម្រាប់លក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ និងមិនតម្រូវឱ្យមានបទពិសោធការងារ។ សម្រាប់បេក្ខជនប្រឡងជាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នឹងបំពេញការងាររយៈពេល១ឆ្នាំ ឬ១២ខែ ដោយអាចបន្តជារៀងរាល់ឆ្នាំ ផ្អែកលើសមិទ្ធកម្មការងាររបស់មន្ត្រី និងចាប់ផ្តើមការងារនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឬតាមការកំណត់ដោយឡែក។
បន្ថែមលើនេះ ចំពោះប្រាក់បៀវត្ស កម្រិតវិទ្យាល័យទទួលបាន ១,៧៥០,០០០រៀលក្នុងមួយខែ ខណៈកម្រិតអនុវិទ្យាល័យទទួលបាន ១,៦០០,០០០រៀលក្នុងមួយខែ រួមជាមួយអត្ថប្រយោជន៍ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុផ្សេងៗ ដូចជា ប្រាក់បេសកកម្ម លំហែមាតុភាព ប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ របបសន្តិសុខសង្គម (ប.ស.ស.) ការលើកទឹកចិត្ត ឱកាសបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស ព្រមទាំងសិទ្ធិឈប់សម្រាកជាដើម។
សម្រាប់វិញ្ញាសាប្រឡងប្រជែងនៅកម្រិតមធ្យមសិក្សា បេក្ខជនត្រូវប្រឡងលើវិញ្ញាសាសរសេរឯកទេស រយៈពេល២ម៉ោង ១០០ពិន្ទុ មេគុណ២ វិញ្ញាសាពហុចម្លើយភាសាបរទេស អង់គ្លេស ឬបារាំង រយៈពេល១ម៉ោង ៥០ពិន្ទុ មេគុណ១ និងវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ រយៈពេល១ម៉ោង ១០០ពិន្ទុ មេគុណ១។
វិញ្ញាសាចំណេះដឹងទូទៅ ត្រូវបានបែងចែកជា២ផ្នែកធំៗ គឺផ្នែកទី១ រួមមាន មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា ខណៈផ្នែកទី២ ជាចំណេះដឹងពាក់ព័ន្ធនឹងជំនាញ ឬឯកទេសផ្ទាល់របស់បេក្ខជន។
គួរបញ្ជាក់ថា ការប្រកាសជ្រើសរើសនេះ ត្រូវបានបញ្ជាក់បន្ថែមក្នុង «វេទិកាព័ត៌មានសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ» ដែលរៀបចំដោយគណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីផ្តល់ព័ត៌មានផ្លូវការ និងស្រាយចម្ងល់នានាជូនបេក្ខជន យុវជន សិស្ស-និស្សិត សាធារណជន និងអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការនេះ។














