ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា អញ្ជើញចូលរួមកម្មវិធីបើកអាហារូបករណ៍អូស្ត្រាលី ឆ្នាំសិក្សា២០២៦
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកអាហារូបករណ៍អូស្ត្រាលី ឆ្នាំសិក្សា២០២៦ ក្រោមប្រធានបទ « អត្ថប្រយោជន៍នៃអាហារូបករណ៍អូស្ត្រាលី ចំពោះស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងការបន្តអភិឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា»។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា មន្ត្រីមកពីតំណាងក្រសួងនីមួយៗ រួមទាំងណាងមកពីនាយកដ្ឋានធនធានមនុស្សនៃក្រសួងនីមួយៗ ជាច្រើនរូប។


ឯកឧត្តម Derek Yip បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦នេះ ដែលអាហារូបករណ៍នេះជាការផ្ដល់ឱកាសដល់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការដែលមានបំណងចង់បន្តការសិក្សានៅប្រទេសអូស្ត្រាលី។ ឯកឧត្តមបានមានប្រសាសន៍ថា កម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា មិនត្រឹមតែបានចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានព្រូនជ្រុំភាពជាដៃគូ ក៏ដូចជារឹតចំណងមិត្តភាពពេញមួយជីវិតរបស់កម្ពុជា-អូស្ត្រាលីឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។


ក្នុងឱកាសនេះ លោកជំទាវ សុខ ច័ន្ទឆវី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងស្ថានទូតអូស្ត្រាលី និងដៃគូទាំងអស់ដែលបានរួមចំណែករៀបចំកម្មវិធីអាហារូបករណ៍នេះឡើងដែលបានរួមចំណែកជាពិសេសក្នុងការការអភិវឌ្ឍសមត្ថភាព និងភាពអង់អាចរបស់ស្ត្រីនៅកម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា កម្មវិធីអាហារូបករណ៍របស់អូស្ត្រាលី គឺជាការផ្សារភ្ជាប់ស្ត្រីទៅនឹងកាលានុវត្តភាពថ្មីៗ ដើម្បីចូលរួមចំណែកក្នុងការបំពេញការងារនៅតាមក្រសួង ស្ថាប័ននីមួយៗឱ្យកាន់តែប្រសើរ។


ក្រោមបរិយាកាសដ៏ស្និទ្ធស្នាលនៃកម្មវិធីបើកអាហារូបករណ៍អូស្ត្រាលីនាឱកាសនេះ ឯកឧត្តមបណ្ឌិត សោម រតនា បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីអាហារូបករណ៍អូស្ត្រាលី ដោយការផ្ដល់ឱ្យ និងការពង្រីកចំនួនអាហារូបករណ៍នេះ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរយៈពេលវែងរបស់អូស្ត្រាលី ចំពោះការអភិវឌ្ឍធនធានមនុស្សនីកម្ពុជា និងចក្ខុវិស័យរួមរបស់កម្ពុជា-អូស្ត្រាលីសម្រាប់អនាគតដ៏ភ្លឺស្វាង។ ឯកឧត្តមបានបន្តថា អាហារូបករណ៍នេះជំហានសម្រាប់ការផ្លាស់ប្ដូរទាំងបុគ្គលស្ថាប័ន និងសង្គមជាតិ ដោយមិនត្រឹមតែផ្ដល់ផលវិជ្ជមានត្រឹមតែជ័យលាភីផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើស្ថាប័នដែលពួកគាត់កំពុងបម្រើការផងដែរ តាមរយៈការអភិវឌ្ឍចំណេះ ជំនាញថ្មីៗ ការពង្រឹងភាពជាអ្នកដឹកនាំ និងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈផងដែរ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់សិស្ស និស្សិត មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យដាក់ពាក្យស្នើសុំអាហារូបករណ៍ឱ្យបានគ្រប់ៗគ្នា ព្រោះនេះជាឱកាសដ៏មានតម្លៃកើតមានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។



គួរបញ្ជាក់ថា អាហារូបករណ៍អូស្ត្រាលីគឺជាអាហារូបករណ៍ដ៏មានកិត្យានុភាព ដែលរដ្ឋាភិបាលអូស្ត្រាលីផ្ដល់ជូនដល់យុវជនជំនាន់ក្រោយដែលនឹងក្លាយខ្លួនជាថ្នាក់ដឹកនាំសាកលក្នុងប្រទេសកំពុងអភិវឌ្ឍ។ ដោយឡែក គិតចាប់តាំងពីឆ្នាំ ១៩៩៤មក មានប្រជាជនកម្ពុជាប្រមាណ ២១ ៨០០នាក់ បានទទួលឱកាសទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីនៅគ្រប់កម្រិត ហើយបានត្រឡប់មកវិញជាមួយនឹងចំណេះដឹង ជំនាញ និងបណ្ដាញអន្តរជាតិដែលមិនអាចកាត់ថ្លៃបាន៕




