កម្ពុជា ទាមទារឱ្យថៃបញ្ឈប់ ការហោះហើរឧទ្ធម្ភាគចក្រយោធា រំលោភចូលដែនអាកាសកម្ពុជា


រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំង ប្រឆាំងនឹងការហោះចូលដោយគ្មានការអនុញ្ញាតនៃ ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃចូលក្នុងដែនដីកម្ពុជា ដែលរំលោភបំពានយ៉ាងច្បាស់មកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា លើច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែន អាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សកម្មភាពនេះរំលោភលើ៖ មាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋនីមួយៗមានអធិបតេយ្យពេញ លេញ និងផ្តាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន។ មាត្រា៣ (គ) នៃអនុសញ្ញាដដែលនេះ បានហាមឃាត់ យន្តហោះរបស់រដ្ឋនីមួយៗមិនឱ្យហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាត និងចំណុចទី៦ នៃ វិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ- កម្មាធិការព្រំដែនទូទៅ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ប្រភព៖ ក្រសួងការបរទេស