គ្រោះថ្នាក់ដ៏រន្ធត់៖ បាក់រលំគំនរសំរាមដ៏ធំមួយក្នុងប្រទេសហ្គីណេ សម្លាប់មនុស្ស ៣១នាក់ និង២២នាក់រងរបួស
ហ្គីណេ៖ មនុស្សយ៉ាងហោចណាស់ ៣១នាក់បានស្លាប់ និង ២២នាក់ទៀតរងរបួស បន្ទាប់ពីគំនរសំរាមដ៏ធំមួយ បានបាក់រលំសង្កត់លើផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែងចាក់សំរាមមួយក្នុងតំបន់ Dar-es-Salam នៃរដ្ឋធានីកូណាគ្រី ប្រទេសហ្គីណេ។




ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែសីហា ម៉ោង ២ទៀបភ្លឺ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។ ក្នុងចំណោមអ្នករងរបួស មាន ៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទន្ទឹមនោះ រដ្ឋាភិបាលហ្គីណេ បានបញ្ជូនកងកម្លាំង រួមទាំងកងកម្លាំងយោធា ដើម្បីចូលរួមជួយ ក្នុងប្រតិបត្តិការស្វែងរក និងសង្គ្រោះអ្នកដែលអាចនៅជាប់ក្រោមគំនរសំរាម។ ខណៈនោះ អាជ្ញាធរបានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ដោយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកដែលនៅជាប់ក្រោមគំនរសំរាម។
គួរបញ្ជាក់ចា នេះមិនមែនជាលើកទីមួយទេ ដែលតំបន់នេះជួបប្រទះគ្រោះថ្នាក់បាក់រលំគំនរសំរាម ដោយកាលពីឆ្នាំ ២០១៧ មនុស្ស ១០នាក់ ក៏បានស្លាប់នៅទីតាំងដដែលនេះផងដែរ។ រដ្ឋាភិបាលហ្គីណេ ធ្លាប់បានបញ្ជាក់ ឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងចាក់សំរាមផ្លាស់ទីលំនៅ ប៉ុន្តែប្រជាពលរដ្ឋជាច្រើននៅតែសម្រេចចិត្តបន្តរស់នៅទីនោះ។
ប្រភព៖ BBC













