រដ្ឋសភាកម្ពុជា កំពុងជំរុញការបង្កើតប្រព័ន្ធសន្តិសុខឌីជីថលកម្រិតខ្ពស់ SOC ដើម្បីជាខែលការពារទិន្នន័យផ្លូវការរបស់រដ្ឋ
វិមានរដ្ឋសភា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា កំពុងជំរុញការសិក្សា និងត្រៀមរៀបចំបង្កើតប្រព័ន្ធមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាព័ត៌មាន (Security Operations Center ឬ SOC) ដើម្បីលើកកម្ពស់សមត្ថភាពការពារទិន្នន័យ និងប្រព័ន្ធបច្ចេកវិទ្យារបស់ស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែរឹងមាំ និងមានសុវត្ថិភាពកម្រិតខ្ពស់។




កិច្ចប្រជុំនិងបទបង្ហាញបច្ចេកទេសនេះ បានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម សរ គឹមស្រ៊ុន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងតំណាងក្រុមហ៊ុន Proseth Solutions ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ពិនិត្យលទ្ធភាព និងស្វែងរកដំណោះស្រាយបច្ចេកទេសជាក់ស្តែង។
សូមបញ្ជាថា ប្រព័ន្ធ SOC ត្រូវបានគេស្គាល់ថា ជាប៉ុស្តិ៍បញ្ជាការសន្តិសុខឌីជីថលដ៏សំខាន់ ដែលមានតួនាទីជាភ្នែកច្រមុះក្នុងការឃ្លាំមើល និងត្រួតពិនិត្យប្រព័ន្ធបណ្តាញអ៊ីនធឺណិត និងទិន្នន័យពេញ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីស្វែងរកសញ្ញាព្រមាននៃការជ្រៀតចូល ឬការវាយប្រហារតាមអ៊ីនធឺណិត (Cyberattacks) បានទាន់ពេលវេលា។ ក្រៅពីការតាមដាន ប្រព័ន្ធនេះក៏ដើរតួនាទីជាខែលការពារក្នុងការចាត់វិធានការឆ្លើយតបបន្ទាន់ ដើម្បីទប់ស្កាត់ការរំលោភបំពានសន្តិសុខ ការពារកុំឱ្យមានការខូចខាតដល់ប្រព័ន្ធដំណើរការ និងធានាសុវត្ថិភាពដាច់ខាតលើទិន្នន័យផ្លូវការរបស់ស្ថាប័នរដ្ឋសភា ស្របតាមទិសដៅបរិវត្តកម្មរដ្ឋសភាឌីជីថល៕
ប្រភព៖ National Assembly Of Cambodia













