ប្រទេសចំនួន ១០ គាំទ្រអ៊ុយក្រែន បង្កើតប្រព័ន្ធការពារដែនអាកាស និងមីស៊ីលបាលីស្ទិក រួមគ្នាជាមួយអឺរ៉ុប!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសថា ប្រទេសចំនួន ១០ បានចូលរួមក្នុងគម្រោង FREYJA ដែលជាគម្រោងអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស និងមីស៊ីលបាលីស្ទិករួមជាមួយបណ្តាប្រទេសអឺរ៉ុប ហើយបច្ចុប្បន្នគម្រោងនេះកំពុងដំណើរការយ៉ាងសកម្ម ខណៈប្រទេសដៃគូរផ្សេងទៀតក៏គ្រោងនឹងចូលរួមផងដែរ។


នៅក្នុងសុន្ទរកថាវីដេអូនាពេលល្ងាច លោក Zelenskyy បានថ្លែងថា គម្រោង FREYJA គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអឺរ៉ុបក្នុងការបង្កើតប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលីស្ទិក និងទទួលបានការគាំទ្រពីប្រទេសដៃគូចំនួន ១០ រួចហើយ។
លោក Zelenskyy បានអះអាងថា «អ៊ុយក្រែនមានសមត្ថភាពផលិតមីស៊ីល និងប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯង ហើយបណ្តាប្រទេសដៃគូរបស់យើង នឹងចូលរួមផ្គត់ផ្គង់សមាសធាតុសំខាន់ៗ ដូចជា រ៉ាដា ឧបករណ៍ចាប់សញ្ញា និងបច្ចេកវិទ្យាចាំបាច់ផ្សេងទៀត»។ ក្នុងនោះ លោកបានរំពឹងថា គម្រោងនេះនឹងមានផលវិជ្ជមាន ហើយលទ្ធផលជាក់ស្តែងនឹងទទួលបាននៅចន្លោះចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧។
គួរបញ្ជាក់ថា FREYJA គឺជាគម្រោងរួមរបស់បណ្តាប្រទេសអឺរ៉ុប សម្រាប់អភិវឌ្ឍប្រព័ន្ធការពារដែនអាកាស និងស្ទាក់ចាប់មីស៊ីលបាលីស្ទិក ដែលអ៊ុយក្រែនអនុវត្តរួមជាមួយប្រទេសអឺរ៉ុប និងក្រុមហ៊ុន Fire Point។ គម្រោងនេះ មានគោលបំណងសំខាន់លើវិបត្តិហិរញ្ញវត្ថុ ដែលអាចអនុញ្ញាតឲ្យការផលិតចាយលុយតិច ប៉ុន្តែទទួលបានក្នុងបរិមាណច្រើន ពិសេសអាចជំនួសប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាមេរិក។
ប្រភព៖ Ukrinform














