អាជ្ញាធរមីន សហការជាមួយក្រសួងកសិកម្ម ប្រែក្លាយចម្ការមីន ទៅជាដីកសិកម្ម រួមចំណែកពង្រឹងសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ


ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខា ប្រមាញ់​ និងនេសាទ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ និង​ ឯកឧត្ដម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរមីន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីកិច្ចសហប្រតិបត្តិការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីដែលបានបោសសម្អាតមីនរួច។

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា ចម្ការមីនដែលបានបោសសម្អាតរួច មិនមែនគ្រាន់តែជាការលុបបំបាត់គ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងត្រូវប្រែក្លាយទៅជាដីផលិតកម្ម ដែលរួមចំណែកពង្រឹងសន្តិសុខស្បៀង អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងកាត់បន្ថយភាពក្រីក្រ។

ដោយឡែក ឯកឧត្តមបន្តថា នេះជាការអនុវត្តជាក់ស្តែងនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកថា «សន្តិភាពត្រូវតែប្រែក្លាយជាអ្វីដែលប្រជាពលរដ្ឋអាចរស់នៅបាន» ពោលគឺ ប្រែក្លាយសន្តិភាពទៅជាដីមានសុវត្ថិភាព ការងារ សន្តិសុខស្បៀង និងជីវភាពកាន់តែល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ។

យ៉ាងណាមិញ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការផ្សារភ្ជាប់សកម្មភាពមីនជាមួយវិស័យកសិកម្ម ដើម្បីប្រែក្លាយដីដែលធ្លាប់រងការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់ការដាំដុះ បង្កបង្កើនផល និងបង្កើតប្រាក់ចំណូល។

ដោយឡែក ឯកឧត្តមបណ្ឌិត លី ធុជ បានឱ្យដឹងថា បច្ចុប្បន្ន ជាងពីរភាគបីនៃផ្ទៃដីដែលបានបោសសម្អាតមីន ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការបង្កបង្កើនផល។ ជោគជ័យពិតប្រាកដនៃសកម្មភាពមីន គឺការប្រែក្លាយដីដែលមានសុវត្ថិភាពទាំងនោះទៅជាស្រែចម្ការ ស្រះត្រី និងប្រភពជីវភាពរបស់ប្រជាពលរដ្ឋ ដែលរួមចំណែកពង្រឹងសន្តិសុខស្បៀង អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ប្រភព៖ អាជ្ញាធរមីន