|

ឯកឧត្តម ស សុខា៖ ការប្រឡងប្រជែងសេវាសាធារណៈគំរូ មិនត្រឹមដើម្បីស្វែងរកអ្នកឈ្នះទេ តែដើម្បីធានាសេវាអប់រំ និងសេវាសុខាភិបាល មានស្តង់ដា និងគុណភាពខ្ពស់


នេះជាប្រសាសន៍ដ៏មានសារៈសំខាន់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញជាសហធិបតីដ៏ខ្ពង់ខ្ពស់ ថ្លែងក្នុងពិធីបិទ «សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងបន្ថែមថា ការកសាងអង្គភាពផ្ដល់សេវាសាធារណៈគំរូ គឺជាកត្តាដ៏សំខាន់ដែលត្រូវអនុវត្តរួមគ្នា ដោយមិនមែនត្រឹមជាភារកិច្ចរបស់សាលារៀន មណ្ឌលសុខភាព ឬមន្ទីរពេទ្យទេ ប៉ុន្តែជាការទទួលខុសត្រូវ និងកាតព្វកិច្ចដ៏មុតស្រួចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច ដែលត្រូវចូលរួមដឹកនាំ សម្របសម្រួល គាំទ្រ ត្រួតពិនិត្យ និងវាយតម្លៃ ក្នុងការគៀគរឲ្យមានការសហការពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។

ដោយឡែក ឯកឧត្តមបានរំលេចពីសារៈសំខាន់នៃមេរៀនបទពិសោធន៍ និងការចែករំលែករបស់អាជ្ញាធរមូលដ្ឋានគំរូនាពេលនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបន្តពង្រឹង និងពង្រីក ធ្វើឲ្យចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូកាន់តែមានប្រសិទ្ធិភាព និងផ្ដល់អត្ថប្រយោជន៍ច្រើនប្រកបដោយទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ។

ទន្ទឹមនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋានគំរូ មិនត្រឹមតែបានផ្ដល់នូវមតិល្អៗប៉ុណ្ណោះទេ ថែមទាំងបង្កើននូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការបន្តកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ឲ្យក្លាយជាចលនាមួយ ដែលមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយប្រជាពលរដ្ឋ និងមូលដ្ឋានរៀងៗខ្លួន។

យ៉ាងណាមិញថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់នូវសារគន្លឹះជូនដល់ថ្នាក់ដឹកនាំរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចដើម្បីបន្តពង្រឹងកសាងអង្គភាពផ្ដល់សេវាសាធារណៈគំរូនេះ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងថែមទៀត។ ក្នុងនោះឯកឧត្តម បានលើកឡើងថា រដ្ឋបាលនៃគណៈអភិបាលគ្រប់លំដាប់ថ្នាក់ត្រូវដើរតួនាទីដូចជាឪពុកម្ដាយ ក្នុងការតម្រង់ទិស គាំទ្រ និងឲ្យបានជាប់លាប់ដល់សាលារៀន មណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែកក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីជម្រុញឲ្យអង្គភាពទាំងនោះ ក្លាយជាអង្គភាពគំរូ ដោយមិនត្រឹមតែក្នុងអំឡុងពេលប្រឡងប្រណាំងប៉ុណ្ណោះទេ តែជាអង្គភាពដែលមានវប្បធម៌ ផ្ដល់សេវាប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋជារៀងរហូត។

ជាមួយគ្នានោះ ឯកឧត្តមបានបន្តគូសបញ្ជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំគ្រប់រាជធានីខេត្ត ត្រូវបន្តភារកិច្ចដឹកនាំ សម្របសម្រួលធ្វើយ៉ាងណា ឲ្យអង្គភាពក្នុងវិស័យអប់រំ និងសុខាភិបាលជាប់ជាជ័យលាភី ឬជាប់ជ័យលាភីបានច្រើនជាងគេ ព្រោះការប្រឡងប្រជែងនេះ មិនត្រឹមដើម្បីស្វែងរកអ្នកឈ្នះ អ្នកចាញ់ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធានាឲ្យសេវាអបរំ និងសេវាសុខាភិបាល មានគុណភាពខ្ពស់ ទំនុកចិត្តខ្ពស់ និងស្ដង់ដាខ្ពស់ស្របតាមគោលដៅរបស់ជាតិ។ ដោយឡែក ឯកឧត្តមបានចាត់ទុកអង្គភាពផ្ដល់សាធារណៈដែលល្អ គឺជាមោទនភាព និងស្នាដៃរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋានរៀងៗខ្លួន៕