សម្ដេចធិបតី៖ ប្រជាជនវ័យក្មេង និងប្រជាជនក្នុងវ័យធ្វើការមានចំណែកខ្ពស់ ជំរុញកំណើនសេដ្ឋកិច្ច បង្កើនផលិតភាព និងពង្រឹងមូលដ្ឋានអភិវឌ្ឍន៍រយៈពេលវែង


យោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការប្រារព្ធ «ទិវាប្រជាជនពិភពលោកលើកទី៣៧» ថ្ងៃទី១១ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មាន សារៈសំខាន់គឺ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ននិង អនាគត» បានគូសបញ្ជាក់ថា ប្រជាជនវ័យក្មេង និងប្រជាជនក្នុងវ័យធ្វើការមានចំណែកខ្ពស់ ជំរុញកំណើនសេដ្ឋកិច្ច បង្កើនផលិតភាព និងពង្រឹងមូលដ្ឋានអភិវឌ្ឍន៍រយៈពេលវែង។

ដោយឡែក សម្ដេចបានលើកឡើងថា ការប្រារព្ធទិវានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តនយោបាយកម្រិតខ្ពស់ ដើម្បីផ្តោតយុទ្ធសាស្ត្រលើកម្លាំង យុវជន ដែលជាសសរស្តម្ភទ្រទ្រង់ដ៏រឹងមាំសម្រាប់អនាគតជាតិ។

ក្នុងនោះផងដែរ សម្ដេចបានរំលេចថា បច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលភាគលាភប្រជាសាស្ត្រដ៏មានតម្លៃមួយ ដែលប្រជាជន វ័យក្មេង និងប្រជាជនក្នុងវ័យធ្វើការនៅតែមានចំណែកខ្ពស់។ បរិការណ៍នេះ គឺជាឱកាសដ៏សំខាន់សម្រាប់ជំរុញ កំណើនសេដ្ឋកិច្ច បង្កើនផលិតភាព និងពង្រឹងមូលដ្ឋានអភិវឌ្ឍន៍រយៈពេលវែង។ ប៉ុន្តែ ភាគលាភប្រជាសាស្ត្រនេះ មិនកើតឡើងដោយស្វ័យប្រវត្តិឡើយ។

សម្ដេចបានបន្ថែមថា វានឹងក្លាយជាកម្លាំងជាតិពិតប្រាកដ លុះត្រាតែយើងវិនិយោគបាន ត្រឹមត្រូវលើមនុស្ស ជាពិសេសលើការអប់រំ ជំនាញ សុខភាព (រួមទាំងសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ និង សុខភាពផ្លូវចិត្ត) ឱកាសការងារ សមភាពយេនឌ័រ និងបរិយាកាសសង្គម ដែលអាចអនុញ្ញាតឱ្យប្រជាជនវ័យក្មេង បង្ហាញសក្តានុពលរបស់ខ្លួនបានពេញលេញ ក្នុងការចូលរួមកសាងនិងអភិវឌ្ឍប្រទេសនៅថ្ងៃនេះ និងភាពរីកចម្រើន ប្រកបដោយភាពធន់នៅថ្ងៃស្អែក។