បារាំង និងអាល្លឺម៉ង់ បោះបង់គម្រោងរួមគ្នា ផលិតយន្តហោះចម្បាំង FCAS តម្លៃជាង ១០០ ពាន់លានអឺរ៉ូ ក្រោយជម្លោះឧស្សាហកម្មអូសបន្លាយជាច្រើនឆ្នាំ!


ប្រទេសបារាំង និងអាល្លឺម៉ង់ បានសម្រេចបញ្ចប់គម្រោងរួម ផលិតយន្តហោះចម្បាំងជំនាន់ទី៦ របស់អឺរ៉ុប ដែលមានឈ្មោះថា Future Combat Air System (FCAS)តម្លៃជាង ១០០ ពាន់លានអឺរ៉ូ បន្ទាប់ពីមានភាពខ្វែងគំនិតគ្នាអស់រយៈពេលជាច្រើនឆ្នាំរវាងក្រុមហ៊ុនឧស្សាហកម្មការពារជាតិដែលចូលរួមក្នុងគម្រោងនេះ។

គួរបញ្ជាក់ថា គម្រោង FCAS ត្រូវបានប្រកាសដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៧ ដោយមានការចូលរួមពីបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ ក្នុងគោលបំណងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីមួយសម្រាប់ជំនួសយន្តហោះ Rafale របស់បារាំង និង Eurofighter របស់អាល្លឺម៉ង់ និងអេស្ប៉ាញ នៅត្រឹមឆ្នាំ ២០៤០។ គម្រោងនេះត្រូវបានចាត់ទុកថាជាសសរស្តម្ភដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការពង្រឹងស្វ័យភាពផ្នែកការពារជាតិ។

យោងតាមប្រភពផ្លូវការ ការបរាជ័យនៃគម្រោងនេះបណ្តាលមកពីជម្លោះមិនអាចដោះស្រាយបានរវាងក្រុមហ៊ុន Dassault Aviation របស់បារាំង និង Airbus Defence and Space ដែលតំណាងឱ្យផលប្រយោជន៍របស់អាល្លឺម៉ង់ និងអេស្ប៉ាញ។ ភាគីទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហាភាពជាអ្នកដឹកនាំគម្រោង ការចែករំលែកបច្ចេកវិទ្យា សិទ្ធិកម្មសិទ្ធិបញ្ញា និងការកំណត់លក្ខណៈបច្ចេកទេសរបស់យន្តហោះ។

បន្ថែមពីនេះ បារាំង និងអាល្លឺម៉ង់ក៏មានតម្រូវការយោធាខុសគ្នាផងដែរ។ បារាំងចង់បានយន្តហោះដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរ និងប្រតិបត្តិការពីនាវាផ្ទុកយន្តហោះ ខណៈអាល្លឺម៉ង់មិនមានតម្រូវការបែបនេះឡើយ។ ភាពខុសគ្នានេះ បានធ្វើឱ្យការសម្រេចចិត្តលើការអភិវឌ្ឍយន្តហោះកាន់តែពិបាក។

ទោះបីជាប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Friedrich Merz បានព្យាយាមសម្របសម្រួល និងស្វែងរកដំណោះស្រាយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក៏ដោយ ក៏មិនអាចសង្គ្រោះគម្រោងនេះបានដែរ។ ទីបំផុត មេដឹកនាំទាំងពីរបានទទួលស្គាល់ថា មិនអាចឈានដល់កិច្ចព្រមព្រៀងរួមបានទេ។

ទោះជាយ៉ាងណា ភាគីទាំងអស់បានបញ្ជាក់ថា សមាសភាគមួយចំនួននៃគម្រោង FCAS ដូចជាប្រព័ន្ធយន្តហោះគ្មានមនុស្សបើក (Drones) និងបណ្តាញទិន្នន័យប្រយុទ្ធឌីជីថល (Combat Cloud) អាចនឹងបន្តអភិវឌ្ឍក្រោមកិច្ចសហប្រតិបត្តិការអឺរ៉ុបបន្តទៀត។

ប្រភព៖ The Guardian