លោក ត្រាំ បញ្ជាក់ថា គ្មានការដកទណ្ឌកម្ម ឬប្រគល់ទ្រព្យសម្បត្តិឲ្យអ៊ីរ៉ង់វិញឡើយ ដរាបណាគ្មានកិច្ចព្រមព្រៀងឈប់បាញ់ជាផ្លូវការកើតឡើង!


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងមិនប្រគល់ទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កកវិញទេ ក៏នឹងមិនបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចដែរ រហូតដល់មានកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពជាផ្លូវការជាមួយអ៊ីរ៉ង់។

ការបញ្ជាក់នេះធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC កាលពីថ្ងៃទី៧ ខែមិថុនា ខណៈដែលកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងបន្ត ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹង និងជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា។

លោក ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងមិនផ្តល់សម្បទានណាមួយដល់អ៊ីរ៉ង់ជាមុនទេ ហើយទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដែលត្រូវបានបង្កកនឹងនៅតែស្ថិតក្រោមការគ្រប់គ្រង រហូតដល់មានការធានាច្បាស់លាស់ថា អ៊ីរ៉ង់គោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព។

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក ត្រូវបានគេមើលឃើញថា ជាការបង្ហាញជំហររឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការរក្សាសម្ពាធលើអ៊ីរ៉ង់ ខណៈដែលភាគីទាំងពីរកំពុងមានភាពខ្វែងគំនិតលើបញ្ហាសំខាន់ៗ រួមមានកម្មវិធីនុយក្លេអ៊ែរ ការលើកទណ្ឌកម្ម និងការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កកនៅបរទេស។

ជាមួយគ្នានេះ លោក ត្រាំ ក៏បានបញ្ជាក់ថា ការចរចាណាមួយដែលពាក់ព័ន្ធនឹងប្រទេសលីបង់ មិនមែនជាលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចព្រមព្រៀងបឋមជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែបន្តជំរុញឱ្យមានការកាត់បន្ថយភាពតានតឹងនៅទូទាំងតំបន់។

ទោះជាយ៉ាងណា លោក ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបាននាពេលខាងមុខ ប្រសិនបើភាគីទាំងអស់បង្ហាញឆន្ទៈនយោបាយ និងគោរពតាមលក្ខខណ្ឌដែលបានដាក់ចេញ។

ប្រភព៖ Aljazeera