បារាំង ហាមមិនឲ្យមន្ត្រីអ៊ីស្រាអែលចូលរួមពិព័រណ៍អាវុធ Eurosatory ឆ្នាំ២០២៦ របស់ខ្លួនឡើយ និងដាក់កំហិតខ្ពស់លើការតាំងបង្ហាញសព្វាវុធរបស់អ៊ីស្រាអែល!
រដ្ឋាភិបាលបារាំងបានសម្រេចហាមឃាត់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីការពារជាតិអ៊ីស្រាអែល មិនឱ្យចូលរួមក្នុងពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិ Eurosatory 2026 ដែលគ្រោងធ្វើឡើងនៅជាយក្រុងប៉ារីសក្នុងពាក់កណ្តាលខែមិថុនានេះឡើយ ខណៈក្រុមហ៊ុនអាវុធអ៊ីស្រាអែលក៏ត្រូវបានដាក់កំហិតលើប្រភេទសព្វាវុធដែលអាចតាំងបង្ហាញផងដែរ។

ក្រសួងការពារជាតិអ៊ីស្រាអែលបានអះអាងថា បារាំងបានជូនដំណឹងជាផ្លូវការថា អ៊ីស្រាអែលនឹងមិនអាចរៀបចំស្តង់ជាតិនៅក្នុងពិព័រណ៍ Eurosatory ឆ្នាំ២០២៦ បានឡើយ ហើយមន្ត្រីរដ្ឋាភិបាលក៏មិនត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ។ អ៊ីស្រាអែលបានរិះគន់ការសម្រេចចិត្តនេះថា ជាជំហានដែលមានលក្ខណៈនយោបាយ និង«ឈរនៅខាងខុស»។
យោងតាមអាជ្ញាធរបារាំង ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែលដែលចូលរួមក្នុងពិព័រណ៍នេះ នឹងត្រូវបានអនុញ្ញាតឱ្យបង្ហាញតែប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធការពារមីស៊ីលប៉ុណ្ណោះ ខណៈសព្វាវុធដែលត្រូវបានចាត់ទុកថាជា «អាវុធវាយប្រហារ» ដូចជា រ៉ុក្កែត មីស៊ីលបាញ់ពីដីទៅដី និងគ្រាប់បែកដឹកនាំពីចម្ងាយ មិនត្រូវបានអនុញ្ញាតឱ្យដាក់តាំងបង្ហាញឡើយ។
ការសម្រេចចិត្តនេះកើតឡើងស្របពេលដែលទំនាក់ទំនងរវាងបារាំង និងអ៊ីស្រាអែលកាន់តែតានតឹង ចាប់តាំងពីចុងឆ្នាំ២០២៣ ដោយទីក្រុងប៉ារីសបានរិះគន់ជាបន្តបន្ទាប់ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងលីបង់ ព្រមទាំងការចូលរួមរបស់អ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់កាលពីដើមឆ្នាំ២០២៦។
ជម្លោះការទូតរវាងប្រទេសទាំងពីរក៏បានកើនឡើងបន្ថែមទៀត បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាលពីឆ្នាំមុន ដែលបង្កឱ្យរដ្ឋាភិបាលអ៊ីស្រាអែលបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលបារាំងដាក់កំហិតលើការចូលរួមរបស់អ៊ីស្រាអែលក្នុងពិព័រណ៍អាវុធធំៗ។ កាលពីឆ្នាំ២០២៤ បារាំងក៏ធ្លាប់ហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែលមិនឱ្យចូលរួមក្នុងពិព័រណ៍ Eurosatory ដោយសារសង្គ្រាមនៅហ្គាហ្សា ខណៈនៅឆ្នាំ២០២៥ អាជ្ញាធរបារាំងក៏បានបិទស្តង់ក្រុមហ៊ុនអាវុធអ៊ីស្រាអែលមួយចំនួននៅពិព័រណ៍ Paris Air Show ផងដែរ។
ជាមួយគ្នានេះ ពិព័រណ៍ Eurosatory 2026 ត្រូវបានចាត់ទុកថាជាពិព័រណ៍ឧស្សាហកម្មការពារជាតិដ៏ធំបំផុតមួយនៅលើពិភពលោក ដោយឆ្នាំនេះគ្រោងមានក្រុមហ៊ុនជាង ២,៦០០ ចូលរួមមកពីបណ្តាប្រទេសជាច្រើន។ ទោះបីជាមានភាពចម្រូងចម្រាសជុំវិញការចូលរួមរបស់អ៊ីស្រាអែលក៏ដោយ អ្នករៀបចំរំពឹងថា ព្រឹត្តិការណ៍នេះនឹងបំបែកកំណត់ត្រាចំនួនអ្នកចូលរួមថ្មីច្រើនបំផុត។
ប្រភព៖ Reuters















