|

វៀតណាមប្រកាសដោះលែងអ្នកទោសជិត ១០,០០០ នាក់ នៅដើមខែមិថុនា នេះ ក្រោមកម្មវិធីលើកលែងទោសជាតិឆ្នាំ ២០២៦!


រដ្ឋាភិបាលវៀតណាមបានប្រកាសថា នឹងដោះលែងអ្នកទោសជិត ១០,០០០ នាក់ រួមទាំងជនបរទេសផងដែរ នៅដើមខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមកម្មវិធីលើកលែងទោសជាតិ ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរជោគជ័យនៃការបោះឆ្នោតសភាជាតិ និងសមាជបក្សកុម្មុយនិស្តវៀតណាម។

យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយអគ្គលេខាធិការបក្ស និងប្រធានរដ្ឋវៀតណាម To Lam អ្នកទោសចំនួន ៩,៩៦០ នាក់ នឹងត្រូវបានដោះលែងមុនកាលកំណត់ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីត្រូវបានវាយតម្លៃថា បំពេញលក្ខខណ្ឌស្របតាមច្បាប់លើកលែងទោសរបស់ប្រទេស។

ជាមួយគ្នានេះ លោក Le Van Tuyen អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា កម្មវិធីនេះមានគោលបំណងអបអរសាទរ «ជោគជ័យនៃសមាជបក្សកុម្មុយនិស្ត និងការបោះឆ្នោតសភាជាតិ»។

ក្នុងចំណោមអ្នកទោសដែលនឹងត្រូវដោះលែង មានជនបរទេសចំនួន ៦៣ នាក់ រួមមានបុរស ៥៦ នាក់ និងស្ត្រី ៧ នាក់ មកពីសញ្ជាតិផ្សេងៗគ្នា ប៉ុន្តែអាជ្ញាធរមិនបានបង្ហាញព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់ពួកគេឡើយ។ អាជ្ញាធរវៀតណាមបានបញ្ជាក់ថា អ្នកទោសដែលត្រូវបានផ្តន្ទាទោសពីបទ «ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល» ឬ «អំពើភេរវកម្ម» មិនមានសិទ្ធិទទួលបានការលើកលែងទោសឡើយ។

តាមទិន្នន័យផ្លូវការ វៀតណាមបានអនុវត្តកម្មវិធីលើកលែងទោសចំនួន ១២ លើក ចាប់តាំងពីឆ្នាំ ២០០៩ ដោយបានដោះលែងអ្នកទោសជាង ១១៨,០០០ នាក់ មុនពេលបញ្ចប់ទោសពន្ធនាគាររបស់ពួកគេ។ អាជ្ញាធរអះអាងថា អ្នកដែលត្រូវបានដោះលែងភាគច្រើនអាចវិលត្រឡប់ចូលក្នុងសង្គម និងមានអត្រាប្រព្រឹត្តបទល្មើសឡើងវិញទាបបំផុត។

ដោយឡែក កាលពីឆ្នាំ ២០២៥ វៀតណាមក៏បានដោះលែងអ្នកទោសជាង ២២,០០០ នាក់ផងដែរ ដែលជាចំនួនខ្ពស់បំផុតក្នុងមួយឆ្នាំ ដើម្បីអបអរសាទរខួប ៥០ ឆ្នាំនៃការបញ្ចប់សង្គ្រាមវៀតណាម និងខួប ៨០ ឆ្នាំនៃការប្រកាសឯករាជ្យជាតិ។

ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួននៅតែបន្តរិះគន់វៀតណាមចំពោះការឃុំខ្លួនអ្នកប្រឆាំងនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល ដោយអះអាងថា ប្រទេសនេះនៅតែមានការរឹតបន្តឹងសេរីភាពបញ្ចេញមតិ និងសកម្មភាពនយោបាយ។

ប្រភព៖ CNA