|

អ៊ីស្រាអែល កំពុងពង្រីកការកាន់កាប់ និងឥទ្ធិពលយោធាលើហ្គាហ្សា លីបង់ និងស៊ីរី លើសពីផែនទីផ្លូវការបានបង្ហាញ


សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ការគ្រប់គ្រង និងឥទ្ធិពលយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ភាគខាងត្បូងលីបង់ និងតំបន់មួយចំនួនក្នុងប្រទេសស៊ីរី កំពុងពង្រីកលើសពីអ្វីដែលត្រូវបានបង្ហាញនៅលើផែនទីផ្លូវការ ខណៈភាពតានតឹងសន្តិសុខនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរ។

របាយការណ៍បានបញ្ជាក់ថា ទោះបីអ៊ីស្រាអែលមិនបានប្រកាសកាន់កាប់ទឹកដីជាផ្លូវការនៅតំបន់ខ្លះក៏ដោយ ប៉ុន្តែកងទ័ពអ៊ីស្រាអែលកំពុងរក្សាវត្តមានយោធា បង្កើតតំបន់សន្តិសុខ និងអនុវត្តការគ្រប់គ្រងជាក់ស្តែងលើតំបន់ទាំងនោះ។

នៅតំបន់ហ្គាហ្សា អ៊ីស្រាអែលត្រូវបានរាយការណ៍ថា កំពុងបង្កើតតំបន់ buffer zone ឬតំបន់សុវត្ថិភាពយោធា ដែលកាត់បន្ថយផ្ទៃដីសម្រាប់ប្រជាជនប៉ាឡេស្ទីន និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនត្រូវផ្លាស់ទីលំនៅ។ អង្គការសិទ្ធិមនុស្សមួយចំនួនបានព្រមានថា វាអាចនាំទៅរកការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយរយៈពេលវែងនៅតំបន់នេះ។

នៅលីបង់ កងទ័ពអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានពង្រីកការវាយប្រហារ និងការត្រួតពិនិត្យតំបន់ជាប់ព្រំដែន ដោយលើកឡើងពីការគំរាមកំហែងពីក្រុម Hezbollah។ ខណៈនៅស៊ីរី អ៊ីស្រាអែលបន្តធ្វើប្រតិបត្តិការយោធាជាបន្តបន្ទាប់ ប្រឆាំងទីតាំងដែលខ្លួនអះអាងថា ជាមូលដ្ឋានរបស់កងកម្លាំងគាំទ្រអ៊ីរ៉ង់។

អ្នកវិភាគមើលឃើញថា ការពង្រីកឥទ្ធិពលយោធានេះ មិនត្រឹមតែផ្លាស់ប្តូរតុល្យភាពសន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសជិតខាង និងបង្កហានិភ័យនៃការប៉ះទង្គិចក្នុងតំបន់កាន់តែធំ។

ទន្ទឹមនឹងនេះ អង្គការអន្តរជាតិ និងក្រុមសិទ្ធិមនុស្សជាច្រើន បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ និងការការពារប្រជាពលរដ្ឋស៊ីវិល ខណៈស្ថានការណ៍មនុស្សធម៌នៅហ្គាហ្សា និងតំបន់ជម្លោះផ្សេងៗ កំពុងបន្តធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។

ប្រភព៖ Aljazeera