អាមេរិក បង្កើនអាទិភាពលើតៃវ៉ាន់ ដោយពន្លឿនកិច្ចសន្យាទិញអាវុធ និងយន្តហោះចម្បាំងទៅផ្គត់ផ្គង់នៅកោះតៃវ៉ាន់ ឱ្យទាន់ពេលវេលា!
រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Wellington Koo បានថ្លែងថា សហរដ្ឋអាមេរិកកំពុងបង្ហាញ “ភាពបន្ទាន់ខ្លាំង” ក្នុងការជួយពង្រឹងសមត្ថភាពការពាររបស់តៃវ៉ាន់ និងកំពុងដំណើរការយ៉ាងសកម្មដើម្បីពន្លឿនការដឹកជញ្ជូនអាវុធដែលមានការពន្យារពេល។ ការថ្លែងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ក្នុងសវនាការនៅសភា។

តៃវ៉ាន់ ដែលកំពុងប្រឈមមុខនឹងសម្ពាធយោធាកាន់តែខ្លាំងពីចិន បានបន្តបង្ហាញការព្រួយបារម្ភអំពីការពន្យារពេលជាបន្តបន្ទាប់នៃការផ្គត់ផ្គង់អាវុធពី United States ដែលជាដៃគូអន្តរជាតិសំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់កោះនេះ។ ខណៈពេលដូចគ្នា ប៉េកាំងនៅតែអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន។
ការពន្យារពេលដ៏សំខាន់មួយពាក់ព័ន្ធនឹងកិច្ចសន្យាទិញយន្តហោះចម្បាំង Lockheed Martin F-16V ចំនួន ៦៦ គ្រឿង ដែលត្រូវបានបញ្ជាទិញតាំងពីឆ្នាំ២០១៩។ យន្តហោះទំនើបទាំងនេះត្រូវបានបំពាក់ដោយប្រព័ន្ធអាវុធ និងរ៉ាដាថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងកងទ័ពអាកាសចិន រួមទាំងយន្តហោះចម្បាំងលាក់កំបាំង Chengdu J-20 ផងដែរ។
ដោយឡែក លោក Koo បានបញ្ជាក់ថា ការដឹកជញ្ជូនប្រព័ន្ធអាវុធមួយចំនួនបានចាប់ផ្តើមរួចហើយ ខណៈដែលផ្នែកផ្សេងៗដែលមានការពន្យារពេល កំពុងត្រូវបានដោះស្រាយតាមរយៈការបង្កើតក្រុមការងារពិសេសដោយសហរដ្ឋអាមេរិក ដើម្បីជំរុញដំណើរការនិងឱ្យទាន់កាលកំណត់ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ប្រភព៖ CNA















