| |

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា៖ សមាគមគ្រូពេទ្យរោគសាស្ត្រកម្ពុជា បានរួមចំណែកសំខាន់ក្នុងការកបង្កើនកម្រិតបច្ចេកទេសវិទ្យាសាស្ត្រក្នុងវិស័យសុខាភិបាលកម្ពុជា


នេះជាប្រសាសន៍ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ កម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសន្និសីទវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យរោគសាស្ត្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម បានអបអរសាទរចំពោះការបង្កើតសមាគមរោគសាស្ត្រកម្ពុជា ព្រមទាំងការរៀបចំសន្និសីទវិទ្យាសាស្ត្រលើកដំបូងនេះ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ជាវេទិកាជាតិ សម្រាប់ការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ការស្រាវជ្រាវ និងឧត្តមភាពវិជ្ជាជីវៈ រួមទាំងការកបង្កើនកម្រិតបច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីរួមចំណែកដល់អនាគតនៃវេជ្ជសាស្ត្រដែលផ្អែកលើភាពច្បាស់លាស់ (Precision Medicine) នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា សន្និសីទវិទ្យាសាស្ត្រក្រោមប្រធានបទ«រោគវិនិច្ឆ័យត្រឹមត្រូវ គឺជាវិថីនាំទៅរកការព្យាបាលជោគជ័យ» គឺពិតជាមានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍវិស័យរោគសាស្ត្រ ឆ្លើយតបទៅនឹងតម្រូវការសំខាន់ក្នុងវិស័យសុខាភិបាល ព្រមទាំងស្របតាមគោលនយោបាយក្រសួងសុខាភិបាលក្នុងការថែទាំ ពិនិត្យ និងព្យាបាលជំងឺ។ ឯកឧត្តមបានបន្ថែមថា ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ គឺជាការចូលរួមពង្រឹងគុណភាពសេវាសុខាភិបាល ក៏ដូចជាការធានាសុវត្ថិភាពអ្នកជំងឺផងដែរ។

គួរបញ្ជាក់ផងដែរថា សន្និសីទវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យរោគសាស្ត្រកម្ពុជា បានប្រមូលផ្ដុំគ្រូពេទ្យជំនាញ វេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រមន្ទីរពិសោធន៍ជាច្រើនរូប រួមគ្នាចែករំលែកលើជំនាញវិភាគជាលិកា ដែលជាការឆ្លុះបញ្ចាំងពីតួនាទីសំខាន់មិនអាចខ្វះបាននៃវិស័យវិភាគជាលិកាវិទ្យានៅក្នុងវេជ្ជសាស្ត្រសម័យទំនើប។