ឯកអគ្គរាជទូត អ៊ុន តារា៖ កម្ពុជាមិនអះអាងថាល្អឥតខ្ចោះទេ ប៉ុន្តែអះអាងពីវឌ្ឍនភាពដែលបានសម្រេចដោយបន្តឈរលើមូលដ្ឋានភាពអព្យាក្រឹត ការគោរព និងតុល្យភាព
ទីក្រុងហ្សឺណែវ, ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកអគ្គរាជទូត អ៊ុន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រោមរបៀបវារៈទី១០ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពនៅកម្ពុជា។

ឯកអគ្គរាជទូត បានថ្លែងថាកម្ពុជាបានបើកចំហចំពោះការត្រួតពិនិត្យជាងបីទសវត្សរ៍មកហើយ។ ការចូលរួមជាមួយ OHCHR គឺជាជម្រើសអធិបតេយ្យរបស់កម្ពុជា ដែលផ្អែកលើជំនឿថា ការចូលរួមដោយមិនលម្អៀងនឹងជួយពង្រឹងស្ថាប័ន និងលើកស្ទួយសិទ្ធិមនុស្ស។
កម្ពុជា ក៏បានកោតសរសើរដល់ការអំពាវនាវរបស់ OHCHR ឲ្យគោរពបទឈប់បាញ់តាមព្រំដែន។ ឯកអគ្គរាជទូត បានបញ្ជាក់ថា សន្តិភាពសម្រាប់កម្ពុជាមិនមែនជាគំនិតអរូបីទេ ប៉ុន្តែជាការតស៊ូប្រចាំថ្ងៃ ដើម្បីការពារប្រជាពលរដ្ឋតាមព្រំដែនពីការបណ្តេញចេញ និងការរំលោភសិទ្ធិ។
នៅក្នុងបណ្តុំកំណែទម្រង់ កម្ពុជាបានពង្រីកគោលនយោបាយការពារសង្គម ពីកុមារភាពរហូតដល់វ័យចាស់ បញ្ចូលសិទ្ធិជនពិការទូទាំងវិស័យ និងលើកស្ទួយសិទ្ធិសហគមន៍ជនជាតិដើម។ ការត្រួតពិនិត្យជាសកល (UPR) ជុំទី៤ កម្ពុជាក៏បានទទួលយកអនុសាសន៍ ៨៥ ភាគរយ ដែលខ្ពស់ជាងមធ្យមភាគសាកល។
ទោះជាយ៉ាងណា ឯកអគ្គរាជទូត បានបញ្ជាក់ថា ការពណ៌នាលំហសង្គមស៊ីវិល និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋថាត្រូវបានគាបសង្កត់ដោយ មិនឆ្លុះបញ្ចាំងការពិតឡើយ។ លោកបានលើកឧទាហរណ៍ថា នៅកម្ពុជា មានអង្គការក្រៅរដ្ឋាភិបាលជាង៦.០០០ សារព័ត៌មានជាង២.០០០ និងវេទិការពិភាក្សារវាងរដ្ឋាភិបាល និងសង្គមស៊ីវិលរៀបចំជាប្រចាំ ហើយការបោះឆ្នោតឆ្នាំ២០២៣ និង ២០២៤ ក៏បានទទួលការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ឯករាជ្យរាប់ពាន់នាក់។
លើសពីនេះ កម្ពុជាក៏ទទួលស្គាល់បញ្ហាប្រឈមដូចជា ការឃុំខ្លួន ការជួញដូរមនុស្ស និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ រដ្ឋាភិបាលកំពុងចាត់វិធានការដូចជា ការកែលម្អប្រព័ន្ធពន្ធនាគារ ការបង្កើតផែនការប្រឆាំងជួញដូរមនុស្ស និងការពិគ្រោះយោបល់ជាមួយ OHCHR និងសង្គមស៊ីវិល ដើម្បីបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិស្របតាមគោលការណ៍ប៉ារីស។
ឯកអគ្គរាជទូត អ៊ុន តារា ក៏បានលើកឡើងថា កម្ពុជាមិនអះអាងថាល្អឥតខ្ចោះទេ ប៉ុន្តែអះអាងពីវឌ្ឍនភាពដែលបានសម្រេច។ លោកបានអំពាវនាវឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សពិចារណារបាយការណ៍ដោយយុត្តិធម៌ ទទួលស្គាល់ទាំងសមិទ្ធិផល និងបញ្ហាប្រឈម ហើយបន្តកិច្ចសហប្រតិបត្តិលើមូលដ្ឋានភាពអព្យាក្រឹត ការគោរព និងតុល្យភាព។
យ៉ាងណាមិញ កម្ពុជាក៏បានបញ្ជាក់បន្តពីការប្តេជ្ញាចូលរួមជាមួយ OHCHR និងដៃគូអន្តរជាតិទាំងអស់ ក្នុងស្មារតីនៃការសន្ទនា និងសហប្រតិបត្តិការដ៏ពិតប្រាកដ ដោយក្តោបក្តាប់សន្តិភាពជាមូលដ្ឋាន សេចក្ដីថ្លៃថ្នូរជាមធ្យោបាយ និងសិទ្ធិមនុស្សជាគោលដៅសម្រាប់ប្រជាពលរដ្ឋទាំងអស់។
ប្រភព៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល















