| | |

អភិបាលរងខេត្តសៀមរាប ស្នើម្ចាស់អាជីវកម្មកុំឱ្យតម្លើងតម្លៃផលិតផល និងសេវាកម្មនានាអំឡុងពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត


ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី” នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានសម្ដែងនូវការរីករាយស្វាគមន៍ចំពោះការរៀបចំឡើងនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ដដែលចូលរួមជាចំណែកយ៉ាងសំខាន់ក្នុងលើកស្ទួយវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ ជាពិសេសចូលរួមជំរុញកំណើនដោយផ្ទាល់ និងប្រយោលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះដែល ឯកឧត្តមក៏បានលើកឡើងនូវការសម្របសម្រួលជាមួយម្ចាស់អាជីវកម្មនានាដើម្បីកុំឱ្យតម្លើងតម្លៃផលិតផល និងសេវាកម្មនានា។

សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយគោលបំណង និងភាពស្រស់ស្អាតនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ឱ្យកាន់តែផុសផុល និងមានវិសាលភាពទូលំទូលាយ និងជំរុញយន្ដការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នា២០២៥ ឱ្យបានជ្រួតជ្រាបទៅដល់សាធារណជន ជាពិសេសក្រុមគោលដៅ តាមរយៈការផ្ដល់ជូននូវមូលដ្ឋាន ខ្លឹមសារ សម្ភារៈផ្សព្វផ្សាយ ក៏ដូចជាយន្ដការក្នុងការផ្លាស់ប្ដូរទំនាក់ទំនង រួមទាំងកិច្ចសហការ រវាងតួអង្គសំខាន់ៗដែលរួមមានអ្នកសារព័ត៌មាន អ្នកផលិតមាតិកាផ្សព្វផ្សាយលើបណ្ដាញសង្គម និងមគ្គុទេសទេសចរណ៍នៅក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ថា សិក្ខាសាលានេះបានធ្វើឡើងដោយមានការចូលរួមពីសំណាក់ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការប្រតិបត្តិ ឯកឧត្តមបណ្ឌិត សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈ ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប មគ្គទេសទេសចរណ៍ខេត្តសៀមរាប និងអ្នកបង្កើតមាតិកានុងខេត្តសៀមរាបចំនួន១៤៥នាក់ ។