|

ហ៊ុន ម៉ានី៖ ការអង្វរករបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ គឺដើម្បីការពារអាយុជីវិតផ្ទាល់របស់បងប្អូនតែម្យ៉ាងគត់


ការផ្សព្វផ្សាយ ជាយន្តការមួយក្នុងចំណោមយន្តការជាច្រើន ដែលលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតែងតែអនុវត្តជារឿយៗ ក្នុងបុព្វហេតុចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងគិតគូជាចម្បងអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងកាលៈទេសៈដ៏លំបាកនេះ។

ជាក់ស្តែង មិនខុសពីសព្វមួយដង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺរូបនេះ បានបង្ហាញសារដ៏មានអត្ថន័យនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖

“ក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តនៅជាប់ជាមួយប្រជាពលរដ្ឋ ដោយមិនបង្អាក់បង្អន់អ្វីឡើយ។ ការខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាចរិតលក្ខណៈធម្មជាតិរបស់សម្តេចតេជោ ដែលការលះបង់ដ៏ធំធេងទាំងក្នុងគ្រាកន្លងមក រហូតមកដល់បច្ចុប្បន្នគឺបានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនដែលទៅណាចោលប្រជាជនកម្ពុជាឡើយ។”

ក្នុងនាមជាយុវជនកម្ពុជាមួយរូបប្រកបដោយភាពជាអ្នកដឹកនាំ លោក ហ៊ុន ម៉ានី តែងតែផ្សាភ្ជាប់ ក៏ដូចជាពាំនាំមកជាមួយនូវទឹកចិត្តដ៏ប្រចក្សចំពោះបងប្អូនប្រជាជនខ្មែររបស់សម្តេចតេជោតាមរយៈសាររបស់លោក។ ដែលនេះសបញ្ជាក់ឱ្យឃើញពី ការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពតាមគម្រូនៃបិតាសន្តិភាព។

តាមរយៈសារដដែល លោក ហ៊ុន ម៉ានី រៀបរាប់បន្តអំពីយុទ្ធសាស្ត្រក្នុងបរិបទកូវីដរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងជឿជាក់បែបនេះថា៖ “វិធានការនានាដែលបានដាក់ចេញជាបន្តបន្ទាប់ ប្រកបដោយការគិតគូរពិចារណា ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ បានបង្ហាញពីភាពរឹងមាំ ម្ចាស់ការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំចំពោះស្ថានការណ៍ដ៏អាក្រក់ដែលប្រទេសជាតិកំពុងជួបប្រទះ។”

“ទោះជាយ៉ាងណាក្តី ការដាក់ចេញនូវវិធានការទាំងឡាយ ចាំបាច់ណាស់ទាមទារការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ការអង្វរករបស់ប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ពិតណាស់គឺដើម្បីការពារអាយុជីវិតផ្ទាល់របស់បងប្អូន។ ប្រសិនបើគ្មានការចាំបាច់ និងហានិភ័យខ្ពស់បំផុត លោកក៏មិនចង់ចាត់វិធានការណ៍តឹងរឹងណាមួយដែរ” លោក ហ៊ុន ម៉ានី បន្តយ៉ាងដូច្នេះ។

ក្នុងន័យនេះ លោក ហ៊ុន ម៉ានី បានសង្កត់បន្ថែមនូវការអនុវត្តវិធានការជាបន្តបន្ទាប់ប្រកបដោយភាពចាស់ទុំ និងប្រុងប្រយ័ត្នខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងធានាឱ្យបានមកវិញនូវការរស់នៅជាធម្មតាតាមបែបគន្លងថ្មីនាពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីកម្ពុជាមានអ្នកវិជ្ជមានកូវីដ១៩ដំបូងបំផុតក្នុងអំឡុងដេីមឆ្នាំ២០២០កន្លងទៅ លោក ហ៊ុន ម៉ានី ក្នុងចំណោមកូនប្រុសរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាអ្នកដែលតែងតែចូលរួមប្រយុទ្ធប្រឆាំង និងផ្សព្វផ្សាយការយល់ដឹងអំពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយប្រើប្រាស់យន្តការដ៏សម្បូរបែបជាមួយនឹង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សសយក និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ជារួម ដើម្បីឱ្យការដាក់ចេញនូវវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលមានប្រសិទ្ធិភាព ពិតណាស់ថា វាតម្រូវឱ្យបងប្អូនជាប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម និងបន្តអនុវត្ត។ ការចូលរួមរំលែកនូវក្តីកង្វល់របស់ថ្នាក់ដឹកនាំពីសំណាក់បងប្អូនទាំងអស់គ្នា គឺជាករណីយកិច្ចរបស់យើងម្នាក់ៗ។

រូបភាព៖ Hun Many