សណ្ឋាគារ Park Hyatt ក្នុងខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងបញ្ជីសណ្ឋាគារដែលល្អជាងគេបំផុតលើពិភពលោក ក្នុងទស្សនាវដ្ដី អាមេរិក Travel+Leisure
ទស្សនាវដ្ដី អាមេរិក Travel+Leisure បានបង្ហាញពានរង្វាន់ Best World’s Awards ដោយមានសណ្ឋាគារនៃប្រទេសចំនួន ៣៨ បង្ហាញខ្លួនក្នុងបញ្ជីឆ្នាំ២០២៤។ តាមលទ្ធផលនៃការបោះឆ្នោត ប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍គឺស្ថិតក្នុងចំណោមប្រទេសដែលមានសណ្ឋាគារទទួលបានពិន្ទុខ្ពស់ជាងគេក្នុងឆ្នាំនេះ ដោយក្នុងនោះក៏មានសណ្ឋាគារកម្ពុជាយើងចំនួន ២ ដែលមានឈ្មោះក្នុងបញ្ជី។
សណ្ឋាគារដ៏ប្រណិត និងល្បីល្បាញប្រចាំខេត្តសៀមរាបដែលរចនាឡើងដោយលោក Bill Bensley មានឈ្មោះ Park Hyatt គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកទេសចរណ៍អន្តរជាតិ ជាមួយនឹងពិន្ទុ ៩៩.៤០ ឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាងកំពូល។ អ្នកទេសចរបានកោតសរសើរចំពោះអាងហែលទឹក រួមទាំងបដិសណ្ឋារកិច្ច សេវាកម្មល្អ និងបុគ្គលិករួសរាយរាក់ទាក់ ជាមួយនឹងអាហារដ៏ល្អឥតខ្ចោះ” ។
ជាមួយគ្នានេះ សណ្ឋាគារ Rosewood Phnom Penh របស់កម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ ៣០ ជាមួយនឹងពិន្ទុ ៩៨.៦៧ ដោយសារមានសម្រាប់ទីតាំងល្អ “សេវាកម្មល្អ” និងអាហារ ដែលមានបម្រើម្ហូបបែបប្រពៃណីខ្មែរ ក៏ដូចជាបារាំង ជប៉ុន និងចិនផងដែរ។
ដោយឡែក សម្រាប់ចំណាត់កំពូលទាំង៣ គឺចំណាត់ថ្នាក់លេខ១ បានទៅលើ សណ្ឋាគារ Oberoi Rajvilas នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងពិន្ទុ ៩៩.៧៩ និងតាមពីក្រោយដោយសណ្ឋាគារ La Casa de la Playa នៅម៉ិកស៊ិក ដែលមាន ៩៩.៧៦ពិន្ទុ និងសណ្ឋាគារ The Ritz-Carlton, Doha: Doha, Qatar ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមាន ៩៩.៦៤ ពិន្ទុ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំសម្រាប់ការស្ទង់មតិពានរង្វាន់ល្អបំផុតរបស់ពិភពលោក T+L ស្នើឱ្យអ្នកអានថ្លឹងថ្លែងលើបទពិសោធន៍ធ្វើដំណើរជុំវិញពិភពលោក ដើម្បីចែករំលែកគំនិតរបស់ពួកគេអំពីសណ្ឋាគារ រមណីយដ្ឋាន ទីក្រុង កោះ នាវាកម្សាន្ត ស្ប៉ា ក្រុមហ៊ុនអាកាសចរណ៍ និងអ្វីៗជាច្រើនទៀត ហើយសម្រាប់សណ្ឋាគារត្រូវបានគេវាយតម្លៃតាមលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជា គ្រឿងបរិក្ខារ ទីតាំង គុណភាព សេវាកម្ម អាហារ និងតម្លៃសម្រាប់ការស្នាក់នៅ។
ប្រភព៖ Travel Leisure.com, VN Express