|

ទង់ជាតិខ្មែររះត្រដែតក្នុងក្រុងសៀងហៃ ជាជំពូកថ្មីនៃចំណងមិត្តភាព “ដែកថែប”


នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យទទួលជួបសវនការជាមួយ ឯកឧត្តម Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងឯកឧត្តម Gao Zheng អភិបាលក្រុងសៀងហៃ ក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមទំព័របណ្តាញសង្គមផ្លូវការ Royal du Cambodge បានចុះផ្សាយ។

យោងទៅលើសារបកប្រែផ្លូវការដ៏វែងអន្លាយប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុតបានឱ្យដឹងថា៖ ឯកឧត្តម Li Qiang ក្នុងនាមគណៈកម្មាធិការគណបក្សក្រុង រដ្ឋបាលក្រុង និងប្រជាជនទាំងអស់នៃទីក្រុងសៀងហៃ បានថ្វាយនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះអង្គ មកកាន់ទីក្រុងសៀងហៃ នៅពេលនេះ និងបានទូលថ្វាយអំពីភាពរីកចម្រើននានាទាំងឡាយដែលទីក្រុងសៀងហៃសម្រេចបាន។

“ចំណងមិត្តភាពចិន – កម្ពុជា មានប្រវត្តិសាស្ត្រយូរអង្វែងណាស់មកហើយ ចំណងមិត្តភាពរវាងប្រជាជនទាំងពីរមានភាពស៊ីជម្រៅ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការផ្លាស់ប្តូរនៅក្នុងវិស័យផ្សេងៗបន្តកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ទៀត ដែលបង្ហាញពីចំណងមិត្តភាព“ ដែកថែប” មិនអាចបំបែកបានរវាងចិននិងកម្ពុជា។” ឯកឧត្តម Li Qiang បានបន្តយ៉ាងដូច្នេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ប្រភពដដែលបានបង្ហាញនូវកម្រងរូបភាពជាច្រើនសន្លឹក និងភ្ជាប់ជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា៖ ទង់ជាតិកម្ពុជា បានបង្ហាញខ្លួនយ៉ាងខ្ពស់ចិញ្ចែងចិញ្ចាចនៅតាមកំពូលអាគារដ៏ខ្ពស់ស្កឹមស្កៃ នៃទីក្រុងសៀងហៃ ដើម្បីជាកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះប្រមុខរដ្ឋដ៏ឆ្នើមនៃកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។

គួរបញ្ជាក់ផងដែរថា ក្នុងជំនួបផ្លូវការនេះ ព្រះករុណា ព្រះមហាក្សត្រ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជបន្ទូលសំណេះសំណាលក្នុងព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនោះថា

“ក្នុងដំណើរព្រះរាជទស្សនកិច្ចនៅទីក្រុងសៀងហៃនៅពេលនេះព្រះអង្គបានទតឃើញអំពីការអភិវឌ្ឍន៍ដ៏រីកចម្រើននៃទីក្រុងអន្តរជាតិមួយនេះ… ប្រទេសចិននឹងទទួលបាននូវការអភិវឌ្ឍថ្មីៗ និងកាន់តែល្អប្រសើរឡើងទៀតក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing… ព្រះអង្គ នឹងចូលរួមជាមួយ ឯកឧត្តមប្រធានាធិបតី Xi JinPing ដើម្បីទទួលមរតកដ៏វិសេសវិសាលនេះ និងបន្តនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ហើយនិងកត់ត្រាជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា – ចិន”៕

ប្រភព៖ Royal du Cambodge