«សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន ហ្វតតេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរយៈពេលយូរលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់ការអបរំ និងអត្ថប្រយោជន៍សេវាធានារ៉ាប់រង»
ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរយៈពេលយូរលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់ការអបរំ និងការរស់នៅប្រកបដោយភាពជឿជាក់ តាមរយៈការបញ្ជ្រាបការយល់ដឹង និងអត្ថប្រយោជន៍សេវាធានារ៉ាប់រង។ ពិធីចុះអនុស្សរណៈនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក យក់ ចំរើនប្ញទ្ធិ អគ្គនាយកនៃសម្ព័ន្ធ ក្រុមហ៊ុន ហ្វតតេ, លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក, លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ស្ថាប័ន ទាំងពីរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៤។
ពិធីចុះអនុស្សារណៈនាថ្ងៃនេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើការងារអភិវឌ្ឍន៍ធនធាននិស្សិត ដែលជាសសរទ្រូងប្រទេសជាតិ ការចូលរួមអភិវឌ្ឍន៍កម្មវិធីសិក្សា លើកកម្ពស់ការសិក្សាស្រាវជ្រាវ និងសកម្មភាពផ្សេងៗទៀត ក្នុងទិសដៅចូលរួមអភិវឌ្ឍមូលធនមនុស្ស ពិសេសការលើកកម្ពស់សុខភាព និងសុខុមាលភាព ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៧នេះ។
ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “សង្គមមួយរីកចម្រើនខ្លាំង ជាសង្គមដែលមានធនធានមនុស្សខ្លាំង បានមកពីការទទួលបានការអប់រំខ្ពស់ មានការគិតស៊ីជម្រៅ មានគំនិតច្នៃប្រឌិតខ្ពស់ និងមានភាពជាពលរដ្ឋល្អជាដើម។ ពិធីចុះអនុស្សារណៈនាថ្ងៃនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូអំពី ធនធានមនុស្ស ពីសំណាក់ក្រុមហ៊ុនឯកជន ពិសេសក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ និង ក្រុមហ៊ុនហ្វតតេ អ៊ិនសួរឹនស៍ ដែលកន្លងមកបានចូលរួមយ៉ាងសស្រាក់សស្រាំគ្រប់រូបភាពក្នុងការជួយជ្រោមជ្រែងក្នុងវិស័យអប់រំ រហូតដល់មានការរៀបចំពិធីចុះកិច្ចព្រមព្រៀងនេះឡើង។ តាងនាមឱ្យគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ្វតតេ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក ដែលមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវលើកិច្ចគាំទ្រវិស័យអប់រំជាតិ យើងសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែក ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ផ្នែកសិក្សាអប់រំ និងស្រាវជ្រាវជូនគ្រឹះស្ថាន បុគ្គលិកអប់រំ និងនិស្សិតផ្ទាល់តែម្តង៕”
លោក យក់ ចំរើនប្ញទ្ធិ អគ្គនាយកនៃសម្ព័ន្ធ ក្រុមហ៊ុន ហ្វតតេ បានសង្កត់ធ្ងន់បែបនេះ អំឡុងពេលថ្លែងសុន្ទរកថា ក្នុងពិធីចុះអនុស្សារណៈនាថ្ងៃនេះថា៖ “នេះជាមោទនភាព និងជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត របស់សម្ព័ន្ធក្រុមហ៊ុន ហ្វតតេ រួមមាន៖ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ និង ក្រុមហ៊ុនហ្វតតេ អ៊ិនសួរឹនស៍ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកល្អបំផុត មានភាពចាស់ទុំផ្នែកទីផ្សារធានារ៉ាបរង ដែលទទួលបានកិត្តិយសចាប់ដៃគូសហការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាគ្រឹះស្ថានអប់រំរបស់រដ្ឋ មានអាយុកាលដ៏ចំណាស់ជាងគេ និងធំជាងគេ ក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ហ្វតតេ តែងតែយកចិត្តទុកដាក់ខ្ពស់លើសារៈសំខាន់នៃវិស័យអប់រំ ដែលជាអនាគតរបស់សង្គមជាតិ ហើយកិត្តិនាមរបស់ក្រុមហ៊ុន ហ្វតតេ ត្រូវបានសាធារណៈជនស្គាល់ថា ជាទីកន្លែងបណ្តុះបណ្តាលសមត្ថភាពកូនខ្មែរដ៏ល្អបំផុតក្នុងវិស័យធានារ៉ាប់រងរបស់កម្ពុជា។”
លោក យក់ ចំរើនប្ញទ្ធិ បញ្ជាក់បន្ថែមថា៖ “ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ និង ក្រុមហ៊ុនហ្វតតេ អ៊ិនសួរឹនស៍ ជឿជាក់យ៉ាងមុតមាំថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សិស្សនិស្សិត លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សា នឹងទទួលបានបទពិសោធន៍ថ្មីមួយទៀតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិសេសសេវាធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន ហ្វតតេ ដែលមានផលិតផលដ៏សម្បូរបែប ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។”
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីកិច្ចព្រមព្រៀងនាព្រឹកនេះ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់សម្ព័ន្ធ ក្រុមហ៊ុន ហ្វតតេ នឹងពិនិត្យលទ្ធភាពលើការបង់បុព្វលាភប្រចាំឆ្នាំស្ទើរតែទាំងស្រុងជូនដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើគម្រោងធានារ៉ាប់រងអគ្គិភ័យ រយៈពេល ៥ឆ្នាំ សម្រាប់អគារនានារបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងការសហការបង្កើតកម្មវិធីសិក្សាកម្រិតឯកទេសធានារ៉ាប់រង និងវិទ្យាសាស្រ្តគ្រប់គ្រងហានិភ័យធានារ៉ាប់រង (Actuarial science)៕