ល្ងាចនេះ! ស.ស.យ.ក. ចាប់ផ្ដើមកម្មវិធី «ដាស់ស្មារតីជាតិ» ដើម្បីបំផុសស្មារតីស្នេហាជាតិ និងសាមគ្គីភាព!
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» ឬ “Day of Reckoning” នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ឯកឧត្តម លោកជំទាវ តំណាងក្រសួង/ស្ថាប័ន ថ្នាក់ដឹកនាំ និងតំណាងស្ថាប័នសារព័ត៌មាន ព្រមទាំងនិស្សិតតាមសាកលវិទ្យាល័យ និងសាធារណជនទូទៅ។


យុទ្ធនាការ «ដាស់ស្មារតីជាតិ» ឬ “Day of Reckoning” ត្រូវបានរៀបចំឡើង ដើម្បីចងក្រង និងផ្សព្វផ្សាយឱ្យសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ បានដឹង និងចងចាំទុកអំពីបទពិសោធ និងរឿងរ៉ាវជាមេរៀនដែលកម្ពុជាបានឆ្លងកាត់។ ការរៀបចំយុទ្ធនាការនេះ ក៏ជាកាបំផុសស្មារតីឱ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ មានការចងចាំ មានការឯកភាពជាទស្សនៈជាតិ និងក្រើនរំលឹកដាស់តឿនស្មារតីជាប់ជាប្រចាំពីហានិភ័យនានា ដែលអាចកើតមានចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។
ជាមួយគ្នានេះ កម្មវិធី «ដាស់ស្មារតីជាតិ» មានគោលបំណងជំរុញការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ស្ថាប័នរបស់ខ្លួន និងសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ។ ជាពិសេស សង្គ្រាមដែលបានកើតឡើងរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ២០២៥ គឺជាសង្គ្រាមដែលកម្ពុជាមិនបានជ្រើសរើស និងគ្មានជម្រើសក្រៅពីការពារខ្លួន ប៉ុន្តែវាក៏បានបំផុស និងដាស់ស្មារតីស្នេហាជាតិពីប្រជាពលរដ្ឋគ្រប់រូប។ នេះជាឱកាសមិនគួរឱ្យបាត់បង់ ក្នុងការប្រមូលស្មារតីទៅជាកម្លាំងចិត្ត ដាស់តឿន ដើម្បីពង្រឹងភាពរឹងមាំរបស់ជាតិ។
ជាងនេះទៅទៀត កម្មវិធីនេះ ក៏មានគោលបំណងបញ្ចៀសការបង្ហោះគំនុំគុំកួន ការសងសឹក ទស្សនៈជ្រុលនិយម ចង្អៀតចង្អល់ ដោយមិនបំភ្លេចការឈឺចាប់ដែលបានកើតឡើង ព្រមទាំងបង្ហាញឱ្យឃើញថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជានៅតែតស៊ូជម្នះនូវបញ្ហា ជាមួយស្មារតីរួបរួម ជួយគ្នាក្នុងគ្រាលំបាក ដែលមិនអាចបំបែកបំបាក់បាន។











