រដ្ឋប្រហារ នៅមីយ៉ាន់ម៉ា ជំរុញឱ្យប្រទេសនេះក្លាយជាអ្នកផលិតអាភៀនធំបំផុតលើពិភពលោក ខណៈប្រទេសថៃជាគោលដៅចម្បងក្នុងការនាំចេញ
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៣ ដោយវ៉ាដាច់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីរដ្ឋាភិបាលតាលីបង់បានបើកការបង្ក្រាបលើដំណាំនេះ។
ចាប់តាំងពីយោធាក្នុងប្រទេសមីយ៉ាន់ម៉ាបានដណ្តើមអំណាចនៅឆ្នាំ២០២១ ដែលបង្កឱ្យមានភាពចលាចលក្នុងសង្គម និងសេដ្ឋកិច្ច និងជម្លោះប្រដាប់អាវុធនៅទូទាំងប្រទេស ដំណាំអាភៀនកាន់តែមានសារៈសំខាន់សម្រាប់កសិករមួយចំនួនដែលកំពុងជួបការលំបាក។
ប្រជាកសិករមីយ៉ាន់ម៉ា បាននិយាយថា «ការដាំអាភៀនគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការរកប្រាក់ចំណូលសម្រាប់គ្រួសារពួកគេ»។
ជម្លោះចាប់តាំងពីរដ្ឋប្រហារ ដែលបានបញ្ចប់ការពិសោធន៍ដ៏កម្រមួយជាមួយនឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យមនុស្សជិតពីរលាននាក់ផ្លាស់ទីលំនៅ នេះបើយោងតាមអង្គការសហប្រជាជាតិ។
ពួកគេបានបន្តថា បន្ទាប់ពីស្ថានការណ៍នយោបាយបានប្រែប្រួល ហើយមានការប្រយុទ្ធគ្នា វិស័យកសិកម្មមិនមានការរីកចម្រើនទេ ហើយការដាំដំណាំផ្សេងៗ កសិករត្រូវចំណាយច្រើន ដែលពួកគេពុំមានលទ្ធភាព ដូច្នេះកសិករមួយចំនួនបានងាកមកដាំផ្កាអាភៀនជំនួសវិញ។
ធនាគារពិភពលោកបាននិយាយកាលពីចុងឆ្នាំមុនថា ជម្លោះដ៏ក្តៅគគុកកំពុងរំខានដល់ការដឹកជញ្ជូន និងធ្វើឱ្យមានការគាំងការនាំចេញទំនិញកសិកម្មដូចជាអង្ករ និងពោត។ ទន្ទឹមនឹងនោះ ការដាំដុះអាភៀនកាន់តែមានភាពស្មុគ្រស្មាញ។ ការិយាល័យអង្គការពិភពលោកស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបានផលិតអាភៀនប្រមាណ ១,០៨០ តោនកាលពីឆ្នាំមុន ពោលគឺកើនឡើងពីការប៉ាន់ប្រមាណចំនួន ៧៩០ តោនកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា អាភៀនត្រូវបានគេចម្រាញ់ទៅជាហេរ៉ូអ៊ីនក្នុងរោងចក្រលាក់ខ្លួននៅក្នុងរដ្ឋ Shan ហើយបន្ទាប់មករត់ពន្ធតាមប្រទេសជិតខាងដូចជាប្រទេសថៃ និងទៅទីផ្សារពិភពលោក។
ប្រភព៖ Aljazeera