|

ថ្មី មិនធ្លាប់មានពីមុន! កម្ពុជា កំពុងសិក្សាប្រព័ន្ធរទេះភ្លើងនៅលើអាកាស នៅទីក្រុងភ្នំពេញ


ការកើនឡើងនៃចំនួនប្រជាជន ទាមទារឱ្យមានការអភិវឌ្ឍឥតឈប់ឈរនូវមធ្យោបាយដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរនៅកម្ពុជាដែលរួមមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានអាកាស និងផ្លូវក្រោមដីជាច្រើនខ្សែ ដើម្បីបំពេញតម្រូការរបស់ប្រជាពលរដ្ឋ។

ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈនេះឱ្យកាន់តែខ្លាំង ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងភ្នំពេញប្រកបដោយប្រសិទ្ធភាព។

ថ្លែងនៅទីក្រុងញ៉ូយ៉ក ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានមានប្រសាស៍ថា «យើងកំពុងសិក្សាប្រព័ន្ធរទេះភ្លើងនៅលើអាកាស និងប្រព័ន្ធក្រោមដី នៅក្នុងទីក្រុងភ្នំពេញ…ព្រោះធ្វើលើដីទៅលែងរួចទៀតហើយ…ផ្ទះពេញហើយ មនុស្សចេះតែកើន យើងមិនអាចហាមប្រជាជនមិនអោយកើតកូនបាននោះទេ…តាមពិតខ្មែរយើងត្រូវតែកើតកូនអោយបានច្រើន»។

គួរបញ្ជាក់ថា កន្លងមកក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏ធ្លាប់បានបង្ហើបឱ្យដឹងថា កម្ពុជាកំពុងពិចារណាក្នុងការសាងសង់ផ្លូវរថភ្លើងក្រោមដី ឬលើអាកាស ដោយអ្នកជំនាញកំពុងសិក្សាលើជម្រើសណាមួយនៃមធ្យោបាយទាំងពីរ ដែលសមស្របសម្រាប់រាជធានីភ្នំពេញ៕