|

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជួបពិភាក្សាលើការងាររៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយនៅកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមកម្ពុជា-ជប៉ុន


ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា អំពីកម្មវិធីនៅក្នុងឱកាសប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។

នៅឆ្នាំ២០២៣នេះ ជាឆ្នាំនៃខួបលើកទី ៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីបានភ្ជាប់ទំនាក់ទំនងជាផ្លូវការតាំងពីឆ្នាំ១៩៥៣។ កាលពីខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានឯកភាពក្នុងការរៀបចំខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន តាមការស្នើសុំការសហការរបស់ប្រធានសមាគមជប៉ុន-កម្ពុជា។ សម្រាប់ខួប៧០នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដោយសមាគមន៍ជប៉ុន-កម្ពុជា ក៏ដូចជាស្ថានទូតជប៉ុនគ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ដ៏ធំមួយ ដោយមានទាំងការបាញ់កាំជ្រួច ការសម្ដែងសិល្បៈដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុន និងកម្មវិធីផ្សេងៗទៀត។

ទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា ដែលសម្រេចបានគឺជាលទ្ធផលនៃការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរាជវង្ស ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ រួមទាំងការចូលរួមរបស់ប្រជាជនជប៉ុន និងកម្ពុជា ក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពឱ្យកាន់តែប្រសើរឡើង។

គួរជម្រាបថា កម្ពុជា-ជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងនេះ មានអាយុកាលគម្រប់ ៧០ឆ្នាំហើយ។ កម្ពុជា-ជប៉ុន បានពង្រឹងកម្រិតទំនាក់ទំនងជាមួយគ្នា ទៅជាដៃគូយុទ្ធសាស្ត្រដែលជាទំនាក់ទំនងកម្រិតខ្ពស់នៅខែធ្នូ ឆ្នាំ២០១៣ ដែលបាននាំមកនូវកិច្ចសហប្រតិបត្តិការដ៏ល្អលើផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធាជាដើម៕