គ្រូបង្រៀនក្របខ័ណ្ឌជាង ១ពាន់នាក់ បានប្រឡងផ្ទេរកន្លែងការងារមកភ្នំពេញ ខណៈតម្រូវការមានចំនួន ៨៣១នាក់ !


ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ ការប្រឡងប្រជែងផ្ទៃក្នុងសម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រព្រឹត្តទៅនៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដោយមានបេក្ខជនមានសិទ្ធិចូលរួមប្រឡងសរុបចំនួន ១ ១៥១នាក់ ក្នុងនោះបេក្ខជនស្រីចំនួន ៥៧៤នាក់ ខណៈតម្រូវការគ្រូបង្រៀនដែលត្រូវជ្រើសរើសមានចំនួន ៨៣១នាក់។

យោងតាមទិន្នន័យគោលរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង បានបង្ហាញថាការទទួលពាក្យបានចាប់ផ្តើមពីថ្ងៃទី៥ ខែកញ្ញា រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ដោយមានបេក្ខជនដាក់ពាក្យតាមប្រព័ន្ធសរុបចំនួន ១ ៧៧៨នាក់ ក្នុងនោះបេក្ខជនមានសិទ្ធិចូលរួមប្រឡងមានចំនួន ១ ១៥១នាក់ (ស្រី៥៧៤នាក់)។ ចំពោះតម្រូវការគ្រូបង្រៀននៅរាជធានីភ្នំពេញមានចំនួន ៨៣១នាក់ រួមមាន គ្រូបង្រៀនមត្តេយ្យសិក្សា ៣៨នាក់ គ្រូបង្រៀនបឋមសិក្សា ៥០២នាក់ គ្រូបង្រៀនអនុវិទ្យាល័យ ២៧នាក់ និងគ្រូបង្រៀនវិទ្យាល័យ ២៦៤នាក់។

សម្រាប់វិញ្ញាសាប្រឡងប្រជែង មានការប្រឡងពហុចម្លើយ និងត្រួតពិនិត្យគរុសម្បទាវិជ្ជាជីវៈគ្រូបង្រៀន រួមមាន ចិត្តវិទ្យា និងគរុកោសល្យ ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន កិច្ចតែងការបង្រៀន និងស្តង់ដាសាលារៀនគំរូ។ វិញ្ញាសាប្រឡងមានរយៈពេល ១ម៉ោង៣០នាទី ចាប់ផ្ដើមម៉ោង ១៤:៣០នាទីរសៀល សរុប ១០០ពិន្ទុ។ ជាមួយគ្នានេះ បេក្ខជនដែលមានសិទ្ធិចូលរួមប្រឡង គឺជាគ្រូបង្រៀនកំពុងបង្រៀនគ្រប់កម្រិត ដែលមានអតីតភាពយ៉ាងតិច ៥ឆ្នាំ បន្ទាប់ពីតាំងស៊ប់ និងអាចដាក់ពាក្យបានតែត្រឹមកម្រិតបង្រៀននៅកម្រិតនោះប៉ុណ្ណោះ។ ក្រោយពេលប្រឡងជាប់ មិនអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារឡើងវិញឡើយ (ការដូរចេញស្មើនឹងបោះបង់ក្របខ័ណ្ឌ)។

ទន្ទឹមនេះផងដែរ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឬប្រហាក់ប្រហែល។ អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ នឹងរៀបចំការផ្ទេរក្របខ័ណ្ឌ និងបើកប្រាក់បៀវត្សជាស្វ័យប្រវត្តិជូនគ្រូបង្រៀនដែលប្រឡងជាប់ស្ថាពរ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ ដោយមិនឱ្យមានការកាត់ផ្តាច់ប្រាក់បៀវត្សឡើយ និងធានារក្សាការងារ និងអត្ថប្រយោជន៍ជូនគ្រូបង្រៀនដែលប្រឡងមិនជាប់ ដោយគ្មានការរើសអើង។ ចំណែកសាលាដែលបាត់បង់គ្រូបង្រៀនដោយសារការផ្ទេរនេះ ត្រូវរាយការណ៍ពីតម្រូវការគ្រូបង្រៀនថ្មីទៅក្រសួងអប់រំ ក្នុងរយៈពេល ១សប្តាហ៍ក្រោយទទួលបានលទ្ធផលប្រឡង ដើម្បីចាត់ចែងបំពេញតម្រូវការឱ្យបានទាន់ពេលវេលា នៃបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧។