| |

កម្ពុជា បន្តអំពាវនាវជាថ្មីដល់ប្រទេសជាសមាជិកអង្គការ NATO និង សម្ព័ន្ធមិត្ត អាម៉េរិក ជួយទប់ស្កាត់កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន


នៅលើបណ្ដាញ Twitter កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវ ដល់ប្រទេសជាសមាជិកអង្គការ NATO និងប្រទេសសម្ព័ន្ធមិត្តអាម៉េរិក ជួយទប់ស្កាត់កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធដ៏កាចសាហាវ ក្នុងសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែននោះ។

តាមរយៈសាររបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ក្នុងនាមខ្ញុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមបន្តអំពាវនាវដល់ ប្រទេស ជាសមាជិកអង្គការ NATO និងប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជាចក្រភព អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃ អនុ សញ្ញា ហាមឃាត់គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ ឱ្យ ខានតែបាន ទៅដល់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យ ប្រើ ប្រាស់អាវុធដ៏កាចសាហាវនេះ»។

សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោក៏បានលើកឡើងម្ដងរួចមកហើយជុំវិញបញ្ហានេះ ដោយសម្ដេចបានលើកឡើងថា« ប៉ុន្មានថ្ងៃមកនេះ មានការផ្សាយព័ត៌មានយ៉ាងច្រើនថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឱ្យទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។ សម្ដេចតេជោបន្តថា ប្រសិនរឿងនេះ វាជាការពិតមែន វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះ យកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដី អ៊ុយក្រែន។

សម្ដេចតេជោបន្តថា បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការ ទម្លាក់ គ្រាប់បែកចង្កោម ពីអាម៉េរិកនាដើមទសវត្សរ៍១៩៧០ មកដល់ពេលនេះ ជាងកន្លះ សតវត្សរ៍ហើយ នៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។ សម្ដេចតេជោគូសបញ្ជាក់ ថា៖ «ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូច ហើយទន់ខ្សោយសំឡេងគ្មានទម្ងន់ តែដោយក្តី អាណិត ប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាម៉េរិកដែលជាអ្នកផ្តល់ និង ប្រធានាធិបតីអ៊ុយក្រែន ដែលជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុង សង្រ្គាម នេះ ព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង»៕