នៅបារាំង! សាលារៀនជាង ៤០០កន្លែងត្រូវបិទទ្វារ ខណៈសិស្សខ្លះផ្ទុះការតវ៉ាចលាចលពេញទីក្រុង!


ប៉ារីស៖ សាលារៀន និងគ្រឹះស្ថានអប់រំនៅប្រទេសបារាំងប្រមាណ ៤០០កន្លែង ត្រូវបានបិទទ្វារនៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ខណៈការតវ៉ារបស់សិស្សវិទ្យាល័យពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យអប់រំ បានរីករាលដាលទូទាំងប្រទេស និងករណីមួយចំនួនបានប្រែក្លាយទៅជាអំពើហិង្សាចលាចលពេញទីក្រុង។

ការតវ៉ានេះ បានចាប់ផ្តើមនៅតំបន់ជុំវិញទីក្រុងប៉ារីស កាលពីខែមុន ដោយសិស្សបានលើកឡើងពីបញ្ហាកង្វះគ្រូបង្រៀន ស្ថានភាពអគារសិក្សាចាស់ទ្រុឌទ្រោម កង្វះធនធាន និងលក្ខខណ្ឌសិក្សា។ ប៉ុន្តែការតវ៉ាបានកាន់តែរីករាលដាលខ្លាំងទៅ និងមានភាពតានតឹងជាបន្តបន្ទាប់ខ បង្កជាអំពើហិង្សា ដោយមនុស្សរាប់សិបនាក់បានរងរបួស និងមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង លោក Gérald Darmanin បានប្រាប់វិទ្យុ RTL ថា មានមនុស្សប្រមាណ ២,០០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីការតវ៉ាចាប់ផ្តើម ហើយប្រមាណពីរភាគបីនៃអ្នកទាំងនោះត្រូវបានឃុំខ្លួនសម្រាប់ការស៊ើបអង្កេតបន្ថែម។ លោកក៏បាននិយាយថា មាន «ក្រុមតូចមួយដែលសកម្ម និងប្រើអំពើហិង្សា» ចូលរួមក្នុងការតវ៉ា ហើយមិនប្រាកដថាអ្នកទាំងអស់នោះសុទ្ធតែជាសិស្សវិទ្យាល័យឡើយ។

លោក Darmanin បានបញ្ជាក់ថា នៅពេលមានការវាយប្រហារលើហេដ្ឋរចនាសម្ព័ន្ធសាធារណៈ ព្រមទាំងការដុតសាលារៀនទៀត បង្ហាញថាស្ថានភាពនេះ «លែងជាបញ្ហានៃការតវ៉ារបស់សិស្សហើយ ប៉ុន្តែបានក្លាយជាបញ្ហាសណ្តាប់ធ្នាប់សាធារណៈតែម្ដង»។

ផ្អែកលើបញ្ហាដ៏តានតឹងនេះ រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Edouard Geffray បានប្រកាសឱ្យដឹងថា សាលារៀន និងគ្រឹះស្ថានអប់រំ «លើសពី ៤០០កន្លែង» នឹងបិទទ្វារនៅថ្ងៃនេះ។

សូមបញ្ជាក់ថា ក្នុងអំឡុងការតវ៉ា កាលពីថ្ងៃព្រហស្បតិ៍ សិស្សបានដុតភ្លើងនៅក្នុងសាលាវិទ្យាល័យយ៉ាងហោចណាស់២កន្លែង ខណៈនៅទីក្រុង Marseille ភាគខាងត្បូង គ្រូបង្រៀននៅសាលាមួយ បានរងរបួសដោយប្រេងសាំងដោយអចេតនា។ នៅទីក្រុង Strasbourg មានរថយន្តយ៉ាងហោចណាស់មួយគ្រឿងត្រូវបានដុត ហើយនៅទីក្រុង Toulouse ប៉ូលិសបង្ក្រាបកុបកម្មក៏បានប៉ះទង្គិចជាមួយយុវជនដែលចូលរួមតវ៉ាដែរ។

ប្រភព៖ Reuters