អ្នកជំនាញបេតិកភណ្ឌពិភពលោក មកពីអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ជួបប្រជុំគ្នាដើម្បីពិភាក្សាការស្តារបេតិកភណ្ឌឡើងវិញ


ភ្នំពេញ៖ កាលពីថ្ងៃទី២៧កញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តំណាងអ្នកជំនាញបេតិកភណ្ឌពិភពលោកកម្ពុជាពីររូបមកពីអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ក្រោមកិច្ចសហការនិងស្របសម្រួលពីគណៈកម្មការជាតិយូណេស្កូកម្ពុជា​បានអញ្ជើញចូលរួម កិច្ចសន្ទនាថ្នាក់តំបន់ស្ដីពី “ Asia-Pacific Dialogue on Heritage and Authenticity” នៅទីក្រុងហាណូយ និងនិញប៊ិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចសន្ទនាថ្នាក់តំបន់នេះ បានផ្តល់ឱកាសដល់កម្ពុជាសម្រាប់ការចែករំលែកបទពិសោធន៍ និងការផ្លាស់ប្តូរចំណេះដឹងជាមួយអ្នកជំនាញអន្តរជាតិ ស្តីពីការអភិរក្ស និងការស្តារបេតិកភណ្ឌឡើងវិញ ព្រមទាំងតួនាទីដ៏សំខាន់របស់សហគមន៍ក្នុងការថែរក្សាភាពយថភាពនៃបេតិកភណ្ឌ។ តាមរយៈកិច្ចពិភាក្សា និងការរួមចំណែករបស់អ្នកជំនាញកម្ពុជានៅក្នុង The Ha Noi Outcome Document បានបង្ហាញពីការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីពង្រឹងការការពារ និងការគ្រប់គ្រងបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ