|

មកដឹងពីរបបអាហារដែលគួរញ៉ាំ និងគួរជៀសវាង ដើម្បីរក្សាសុខភាពក្នុងរដូវក្តៅនេះ


ការកើនឡើងកម្ដៅ គឺជាកង្វល់ធំមួយរបស់ពិភពលោកពីមួយឆ្នាំទៅមួយឆ្នាំ។ អាកាសធាតុក្ដៅខ្លាំង អាចបណ្តាលឱ្យយើងជួបប្រទះនូវបញ្ហាសុខភាពដូចជា កន្ទួល ចង្អោរ ខ្សោះជាតិទឹក និងអាចមានជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។ ដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុក្ដៅបែបនេះ វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងពីការជ្រើសរើសរបបអាហារបរិភោគប្រចាំថ្ងៃ ដើម្បីជៀសវាងបញ្ហាសុខភាព។

តើអាហារណាដែលល្អបំផុតក្នុងការទទួលទានក្នុងពេលក្តៅខ្លាំង?
១. ការទទួលទានទឹកឱ្យបានច្រើន
នៅរដូវក្ដៅយើងអាចនឹងបែកញើសច្រើន ធ្វើឱ្យខ្សោះជាតិទឹកពីក្នុងខ្លួន។ ការផឹកទឹកឱ្យបានច្រើនពេញមួយថ្ងៃ គឺជាវិធីដ៏ល្អមួយដើម្បីបំបាត់ការស្រេកទឹក និងរក្សាជាតិទឹកនៅក្នុងខ្លួន។ តាមការណែនាំ យ៉ាងហោចណាស់ត្រូវញ៉ាំទឹកឱ្យបាន ៨-១០កែវក្នុងមួយថ្ងៃជាធម្មតា ដើម្បីរក្សាបរិមាណទឹកល្អបំផុតនៅក្នុងខ្លួន ជាមួយគ្នានេះ វាជួយសន្លាក់ និងជាលិការបស់យើងធ្វើចលនាបានស្រួលផងដែរ។
២. អាហារ ឬភេសជ្ជៈដែលមានជាតិប្រៃ
ភេសជ្ជៈមានជាតិប្រៃអាចជួយបំពេញជាតិអំបិលដែលបាត់ក្នុងកំឡុងពេលមានកម្ដៅខ្លាំង។ យើងក៏អាចទទួលទានភេសជ្ជៈមួយចំនួនដូចជា ទឹកក្រូចឆ្មា ទឹកដោះគោជូរ ទឹកផ្លែឈើជាដើម។
៣. បរិភោគផ្លែឈើស្រស់
ផ្លែឈើ សំបូរដោយវីតាមីនល្អៗ និងមានជាតិទឹកខ្ពស់។ ដូច្នេះ ជាការល្អក្នុងការរក្សាផ្លែឈើក្នុងផ្ទះទុកសម្រាប់បរិភោគប្រចាំថ្ងៃដូចជា ឪឡឹក ក្រូច ត្រសក់ ក្រូច និងស្វាយជាដើម។ ផ្លែឈើ និងទឹកផ្លែឈើស្រស់ទាំងនេះ គឺល្អបំផុតសម្រាប់រដូវក្តៅនេះ។

តើអាហារអ្វីខ្លះដែលអ្នកគួរជៀសវាងទទួលទានពេលអាកាសធាតុក្ដៅបែបនេះ?
១. ជៀសវាងភេសជ្ជៈមានជាតិកាបូន
ភេសជ្ជៈដូចជាអាល់កុល តែ កាហ្វេ និងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ នឹងកាត់បន្ថយជាតិទឹកក្នុងខ្លួនរបស់យើង ដែលអាចបណ្តាលឱ្យខ្សោះជាតិទឹក ចង្អោរ និងរមួលក្រពើ។ វាជាការល្អបំផុតក្នុងការចៀសវៀងទទួលទានភេសជ្ជៈបែបនេះក្នុងកំឡុងរដូវក្តៅ។
២. អាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់
ស្ដាប់ទៅវាអាចជាការភ្ញាក់ផ្អើលមួយ ប៉ុន្តែវាត្រូវបានបង្ហាញថាអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជាសាច់ក្រហមពិបាករំលាយ ជាពិសេសនៅក្នុងអាកាសធាតុក្តៅ។ ក្រសួងសុខាភិបាល បានណែនាំឲ្យជ្រើសរើសអាហារដែលផ្សំពីរុក្ខជាតិ និងបន្លែស្រស់ជំនួសវិញ។
៣. អាហារស្ងួត ឬគ្រឿងផ្អាប់
បាក់តេរីលូតលាស់លឿននៅលើអាហារក្នុងសីតុណ្ហភាពខ្ពស់ ហើយអាហាររបស់យើងនឹងរលាយលឿនជាងការរំពឹងទុក។ ដូច្នេះហើយត្រូវប្រយ័ត្នចំពោះអាហារដែលផ្អាប់ទុករយៈពេលយូរ ហើយចៀសវាងការទទួលទានវាដើម្បីការពារបញ្ហាក្រពះ៕

ប្រភព៖ NDTV Food