|

គំរូល្អ! វិទ្យាល័យហ៊ុន សែន ភ្នំសំពៅខេត្តបាត់ដំបងបានប្ដូរមកលក់នំខ្មែរ ឈប់លក់នំកញ្ចប់ក្នុងសាលា


ថ្មីៗនេះ យោងតាមទំព័រហ្វេសប៊ុកផេក Battambang City- បាត់ដំបងផ្ទះខ្ញុំ បានបង្ហាញរូបភាពនំខ្មែរមួយចំនួន ដោយមានខ្លឹមសារថា វិទ្យាល័យហ៊ុន សែន ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បាន្ដូរមកលក់នំធម្មជាតិ ឬនំខ្មែរ ឈប់លក់នំកញ្ចប់នាំចូលក្នុងសាលាហើយ។

តាមរយៈរូបភាពទាំងនេះ បានបង្ហាញពីយកចិត្តទុកដាក់ពីសំណាក់គណៈគ្រប់គ្រងសាលា រួមជាមួយកិច្ចសហការពីសំណាក់អាជីវករលក់ដូរក្នុងសាលា ដោយការគិតគូទៅលើសុខភាពកុមារ និងសិស្សានុសិស្សជាចម្បង។ កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងពីផលប៉ះពាល់ និងហានិភ័យសុខភាពធ្ងន់ធ្ងរ ដែលបង្កឡើងដោយចំណីអាហារមួយចំនួន ដែលមានប្រភេទនំកញ្ចប់ គ្រឿងកំប៉ុងជាដើមនោះ និងត្រូវបានហាមឃាត់លក់នៅក្នុងគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ សាធារណៈ និងឯកជន។

គួរបញ្ជាក់ថា ជារឿយៗក្រសួងក៏បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងវិធានការការអនុវត្តលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅនានា ដើម្បីជំរុញឱ្យមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព៕