|

«វិស័យទេសចរណ៍ នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយសម្រាប់ជាតិ »


នេះជាប្រសាសន៍របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ២.២លាននាក់ កើនឡើង ១០៥៩% បើធៀបទៅនឹងឆ្នាំ២០២១។ ជុំវិញតួលេខនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិប្រមាណជិត១៤លាននាក់ កើនឡើង១៩៩% និងទេសចរបរទេសផ្ទៃក្នុង ប្រមាណជិត២លាននាក់ កើនឡើង៥៧២% ធៀបឆ្នាំ២០២១។

បើតាមសម្ដេចតេជោ ហ៊ុន សែន, តាមការប៉ាន់ស្មានពេញមួយឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ៤លាននាក់ និងទេសចរជាតិប្រមាណ១៥លាននាក់។

ដើម្បីឆ្លើយតបនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិនានា ដោយឈរលើ មូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នា គឺការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។

ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្រប ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត ប៉ៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។ នេះដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចដែលបានធ្វើការលើកឡើងនាឱកាសនោះ៕

ប្រភព: ក្រសួងទេសចរណ៍
រូបភាព: RFI