| |

ជាប្រវត្តិសាស្ត្រ! សិស្សានុសិស្សនាំគ្នាសម្រុករង់ចាំដាក់ពាក្យចូលរៀននៅសាលា Rule តាំងពីម៉ោង២យប់


ក្រោយការប្រឡងជាប់សញ្ញាបត្រមធ្យមសក្សាទុតិយភូមិបានបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ ប្អូនៗសិស្សានុសិស្សនៅតាមបណ្ដារាជធានីខេត្ត បានត្រៀមខ្លួនរួចជាស្រេចក្នុងការបោះជំហានចូលបន្តសិក្សាការសិក្សាថ្នាក់បរិញ្ញាបត្រតាមជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត នៅតាមសាកលវិទ្យាល័យនានា។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មានសិស្សានុសិស្សជាច្រើន ដែលបាននាំគ្នាសម្រុកទៅដាក់ពាក្យនៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(Rule) ខណៈអ្នកខ្លះបានទៅតម្រង់ជួរចាំដាក់ពាក្យតាំងពីម៉ោង២:០០នាទីយប់ រហូតដល់ភ្លឺ និងខ្លះទៀតត្រូវរង់ចាំអស់រយៈពេល ៤ទៅ៥ថ្ងៃ។

ប្អូនប្រុស ប៊ុន ឡុង ជាសិស្សម្នាក់ក្នុងចំណោមសិស្សានុសិស្សដែលរង់ចាំដាក់ពាក្យ បានឱ្យដឹងថា សិស្សទាំងអស់បានចំណាយពេលរង់ចាំយូរ ដោយហេតុថាមានមនុស្សច្រើន។ ដូចនេះ គឺតម្រូវឱ្យរង់ចាំតាមលេខរៀង។ ដោយឡែកការទទួលពាក្យ គឺមានចំនួនកំណត់ ដោយក្នុងមួយថ្ងៃទទួលតែ២០០នាក់ប៉ុណ្ណោះ។

យុវសិស្សរូបនេះបន្តថា ពាក់ព័ន្ធនឹងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដែលចង់សិក្សានៅទីនេះ ព្រោះលោកស្រលាញ់ការសិក្សាផ្នែកច្បាប់ ដែលសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាសាកលវិទ្យាល័យដ៏ចំណាស់មួយដែលផ្ដល់ការបណ្ដុះបណ្ដាលបានល្អលើមុខជំនាញមួយនេះ។ ទន្ទឹមនឹងនេះ ជំនាញច្បាប់ក៏ជាតម្រូវការទីផ្សារការងារសំខាន់នាពេលបច្ចុប្បន្ន និងអនាគតផងដែរ។ ដោយឡែកសម្រាប់សិស្សានុសិស្សផ្សេងទៀត ដែលខំតស៊ូចាំដាក់ពាក្យតាំងពីកណ្ដាលអធ្រាតនៅទីនេះ ក៏មានការគិត មិនខុសពីលោកប៉ុន្មានដែរ។ នេះបើយោងតាមការរៀបរាប់របស់ លោក ប៊ុន ឡុង។

នេះជាលើកដំបូង ដែលសាកលវិទ្យាល័យដ៏ធំមួយនេះ ទទួលបានការចាប់អារម្មណ៍ និងចាំដាក់ពាក្យយ៉ាងកុះករពីសំណាក់ប្អូនៗ។ គួរបញ្ជាក់ថា យោងតាមព័ត៌មានពីខាងនិស្សិតរដ្ឋបាល-ឬRule គ្រប់ជំនាញទាំងអស់ សម្រាប់ថ្នាក់មូលដ្ឋាន កំណត់ចំនួនត្រឹមតែ៥១០០នាក់ប៉ុណ្ណោះ៕

ដោយ៖ Phhat Koemchhae
រូបភាព៖ RULE University news