| |

«កិច្ចប្រជុំកំពូលរបស់អភិបាលរាជធានី-រដ្ឋធានីអាស៊ាន បានអនុម័តសេចក្ដីថ្លែងការណ៍ចំនួនពីរ ដែលជាសក្ខីកម្មនៃការប្ដេជ្ញាចិត្ត និងឆន្ទៈរួមរបស់អាស៊ាន»


កិច្ចប្រជុំកំពូលរបស់អភិបាលរាជធានី-រដ្ឋធានីអាស៊ាន (Meeting of Governors/ Mayors of ASEAN Capitals) ក្រោមប្រធានបទ«ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា តាមរយៈកិច្ចពិភាក្សាចែករំលែកនូវបទពិសោធន៍ និងមេរៀនល្អៗ ដែលអាចដកស្រង់រៀនសូត្របានលើការងារអភិវឌ្ឍន៍ទីក្រុងពីសំណាក់អភិបាលនៃអណៈអភិបាលនៃបណ្ដាប្រទេសក្នុងតំបន់។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលរងរាជធានីភ្នំពេញ បានលើកឡើងជុំវិញលទ្ធផលនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះថា បន្ថែមលើការពង្រឹងនិងពង្រីកទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ, កិច្ចប្រជុំរយៈពេល ១ថ្ងៃកន្លះនេះ សម្រេចបាននូវការអនុម័តសេចក្ដីថ្លែងការណ៍ចំនួនពីរ ហៅកាត់ថាជារួមថា សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ (Phnom Penh Declarations) និងបានរៀបចំពិធីផ្ទេរតំណែងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានឆ្នាំ២០២៣ (MGMAC ២០២៣) ជូនទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។

ឯកឧត្តម បានបន្តថា សេចក្ដីថ្លែងការណ៍ទាំងពីរដែលបានដាក់ចេញខាងលើនេះ គឺជាសក្ខីកម្មនៃការប្ដេជ្ញាចិត្ត និងឆន្ទៈរួមរបស់រាជធានី/រដ្ឋធានី និងទីក្រុង នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងស្អិតរមួត ដើម្បីឈានទៅសម្រេចបានការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្នតាមគន្លងប្រក្រតីភាពថ្មី ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច និង វិបុលភាពរួម ស្របតាមចក្ខុវិស័យសហគមន៍អាស៊ាន ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ព្រមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ អភិបាលរាជធានីភ្នំពេញ ដែលជាប្រធានគណៈកម្មការដឹកនាំរៀបចំកិច្ចប្រជុំ ឯកឧត្តម-លោកជំទាវគណៈអភិបាលរាជធានី ដែលជាប្រធានអនុគណៈកម្មការ និងមន្រ្តីរាជការ-បុគ្គលិកក្រុមការងារក្រសួង-ស្ថាប័ន មន្ទីរ អង្គភាពជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការចំណាយកម្លាំងកាយ ចិត្ត និងស្មារតីសហការបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ នាំឱ្យកិច្ចប្រជុំកំពូលនេះ ទទួលបានជោគជ័យគួរជាទីមោទក៕

ប្រភព៖ Nuon Pharath