ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា


នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន​ បានអញ្ជើញជួបពិភាក្សាការងារជាមួយជាមួយឯកឧត្តម គី សីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ស្ដិតក្នុងជំនួបនេះ ភាគីទាំងពីបានស្វាគមន៍ និងបើកកិច្ចពិភាក្សាជាមួយគ្នាប្រកបដោយផ្លែផ្កា។ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាដែលកន្លងទៅទទួលនាវាជប៉ុនក្នុងការចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ។ ឯកឧត្តម ក៏បានលើកអំពីការងារដែលធ្វើបន្តដើម្បីពង្រឹងកិច្ចសហប្រវត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុន នឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើស៉ំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានថ្លែងលើកឡើងនៅក្នុងសន្និបាតអង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងវិភាគទានរបស់ជប៉ុន ដល់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងក្របខណ្ឌការរក្សាសន្តិភាពរបស់ប្រជាជនជប៉ុននៅកម្ពុជា។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងបន្តចូលរួមក្នុងការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនាពេលខាងមុខបន្តទៀត។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ជប៉ុន ជាមិត្តដ៏ល្អ និងជាដៃគូអភិវឌ្ឍដ៏ល្អសម្រាប់កម្ពុជាអស់រយៈពេលជាច្រើនទសវត្សមកហើយ។ វឌ្ឍនភាពនៃកម្ពុជាបច្ចុប្បន្ន គឺបានមកពីការរួមចំណែកយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល និងជំនួយពីប្រជាជនជប៉ុនផងដែរ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister