ការពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជា ជាគោលនយោបាយដ៏ត្រឹមត្រូវរបស់អាមេរិក ខណៈពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយចិន


សហរដ្ឋអាមេរិក ជាទូទៅត្រូវបានគេស្គាល់ថាគឺជាប្រទេសមហាអំណាចដ៏ធំមួយលើពិភព ដែលថ្មីៗនេះបានបង្កើតឱ្យមានរឿងរ៉ាវចម្រូងចម្រាសជាមួយប្រទេសមហាអំណាចដូចគ្នា គឺប្រទេសចិនជុំវិញបញ្ហាកោះតៃវ៉ាន់។ ការប្រឈមគ្នានេះ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រេះស្រាំ ខណៈភាគីទាំងពីរល្អក់កករនឹងគ្នាស្រាប់ទៅហើយ។ យ៉ាងណាមិញ ស្របពេលចំណាយកម្លាំងទៅលើភាពតានតឹងទាំងនោះ ការស្វែងរកការពង្រឹងទំនាក់ទំនងជាមួយប្លុកនានា គឺជារឿងដ៏ចាំបាច់សម្រាប់ប្រទេសទាំងពីរ។

ជាក់ស្ដែង ការឆ្លើយតបដ៏ខ្លាំងក្លារបស់ប្រទេសចិនចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភា Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុន បានជួយគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏រឹងមាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃឱ្យកាន់តែទូលំទូលាយ ដោយចាត់ទុកថានេះជាគោលនយោបាយដ៏ត្រឹមត្រូវសម្រាប់អាមេរិក ពិសេសក្នុងអំឡុងពេលកម្ពុជាកាន់តំណែងជាប្រធានអាស៊ាន ដែលនេះមានន័យថា អាមេរិកត្រូវតែធ្វើការជាមួយកម្ពុជា ខណៈដែលខ្លួនស្វែងរកការជំរុញផលប្រយោជន៍របស់សហរដ្ឋអាមេរិកឱ្យកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដំណើរទស្សនកិច្ចជាច្រើនដងទៅកាន់តំបន់អាស៊ានដោយរដ្ឋលេខាធិការ រដ្ឋមន្រ្តីក្រសួងការពារជាតិ ពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក អនុប្រធានាធិបតី និងរដ្ឋបាលជាន់ខ្ពស់ដទៃទៀត នាំទៅដល់កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដែលទទួលបានជោគជ័យកាលពីខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន គឺជាការស្វាគមន៍ និងជាការបង្ហាញភាពចាំបាច់របស់សហរដ្ឋអាមេរិកក្នុងការប្តេជ្ញាចិត្តចំពោះទំនាក់ទំនងនេះ។ កិច្ចប្រជុំកំពូលអាស៊ាន និង APEC និងកិច្ចប្រជុំមេដឹកនាំ G២០ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ថៃ និងឥណ្ឌូនេស៊ី នឹងផ្តល់ឱកាសបន្ថែមទៀតដើម្បីបន្តកសាងលើសម្ទុះនេះ និងធ្វើឱ្យការចូលរួមរបស់សហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅនៅក្នុងតំបន់។

សហរដ្ឋអាមេរិកចង់បានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសក្នុងការបោះឆ្នោតរបស់កម្ពុជានៅឆ្នាំ២០២៣ខាងមុខនេះ គឺជាមធ្យោបាយដ៏ប្រសើរក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

ទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏មានទំនាក់ទំនងល្អជាមួយប្រទេសចិន ហើយបានពឹងផ្អែកខ្លាំងលើប្រទេសចិនរួចទៅហើយ។ ប៉ុន្តែដូចប្រទេសជិតខាងដែរ កម្ពុជាបន្តរក្សាតុល្យភាពក្នុងទំនាក់ទំនងជាមួយចិន និង សហរដ្ឋអាមេរិក ក្នុងនោះ សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា មានសក្តានុពលជាច្រើនក្នុងការផ្តល់ជូន ហើយទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងការជួយដោះស្រាយបញ្ហានានារាប់ចាប់ពីលក្ខខណ្ឌការងារ ការការពារកុមារ និងការជួញដូរមនុស្ស ដល់ការងារថ្មីៗបន្ថែមទៀតក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ និងការកសាងសមត្ថភាពឆ្លើយតបនឹងជំងឺរាតត្បាតផងដែរ។

តួយ៉ាង យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលទៅក្រៅប្រទេសក្នុងទំហំទឹកប្រាក់ ១៣,៧៨ ពាន់លានដុល្លារ កើនឡើង ៣០,៧% ក្នុងមួយឆ្នាំ ខណៈដែលចំណាយ ១៩,០៥ ពាន់លានដុល្លារលើការទិញផលិតផលពីបរទេសកើនឡើង ១៥,៤% ក្នុងមួយឆ្នាំ ដោយប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៦,៩៧ ពាន់លានដុល្លារ បន្ទាប់មកសហរដ្ឋអាមេរិកមានប្រមាណ ៥,៨៩ ពាន់លានដុល្លារ ដោយសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ទំនិញកម្ពុជា ដោយតម្លៃនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសនេះឈានដល់ ៥.៦៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៧.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Uschamber, VNA