ជប៉ុនសន្យាជួយកម្ពុជា ក្នុងការទម្លាយភាពជាប់គាំងនៅមីយ៉ាន់ម៉ា


រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានសន្យាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេសជប៉ុននឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងគ្រប់គ្រងដោយរបបយោធា។

ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន នៅទីក្រុងភ្នំពេញកាលពីពេលថ្មីៗកន្លងទៅនេះ លោក Hayashi បានសម្តែងនូវការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ អំពីការប្រហារជីវិតប្រជាជនមីយ៉ាន់ម៉ា ៤ នាក់ រួមទាំងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យពីរនាក់ដែលបានប្រកាសកាលពីសប្តាហ៍មុនដោយរដ្ឋាភិបាលយោធាដែលបានដណ្តើមអំណាចនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ក្នុងរដ្ឋប្រហារខែកុម្ភៈឆ្នាំ ២០២១។

សម្ដេច ហ៊ុន សែន បានប្រាប់លោក Hayashi ថា កម្ពុជានឹងធ្វើការរួមគ្នាជាមួយប្រទេសជប៉ុន ដើម្បីទម្លាយភាពជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ហាញពីការដឹងគុណចំពោះកម្ពុជាក្នុងការគាំទ្រ និងមានទំនាក់ទំនងល្អជាមួយជប៉ុនរហូតមក។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសជប៉ុន។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាបាននិងកំពុងចូលរួមក្នុងការទូតយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដែលរបបយោធាបន្តការគាបសង្កត់ដោយហិង្សាលើប្រជាជនដែលទាមទារលទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាចំនួនពីរដងកាលពីដើមឆ្នាំនេះក្នុងនាមជាបេសកជនពិសេសរបស់អាស៊ាន ដើម្បីជួបពិភាក្សាជាមួយមន្ត្រីយោធាកំពូល។

ទោះជាយ៉ាងនេះក្តី ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោក ប្រាក់ សុខុន មិនអាចជួបលោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំស្របច្បាប់ ត្រូវបានទម្លាក់ចេញពីរដ្ឋប្រហារនោះទេ ហើយលោកស្រីនៅតែស្ថិតក្នុងការឃុំខ្លួននៅឡើយ។

គួរបញ្ជាក់ផងដែរថា ជប៉ុនជាមិត្តល្អរបស់កម្ពុជា ដែលបានរួមចំណែកដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា ក្នុងវិស័យនានា។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះប្រទេសជប៉ុន បានចុះហត្ថលេខាផ្តល់ប្រាក់កម្ចីចំនួន ៣០៦ លានដុល្លារដល់កម្ពុជាសម្រាប់ការពង្រីកចំណតកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា «កម្ចីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Japan Today, Hellenic Shipping News Would Wide