ចិនបានលើកឡើងថា «អាស៊ានមិនមែនជាបំណែកអុកក្នុងការប្រជែងភូមិសាស្ត្រនយោបាយទេ តែជាអ្នកលេងអុកដ៏សំខាន់»


ជាង៣ទស្សវត្សរ៍មកហើយ ដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងប្រទេសចិន បានបង្កើតគំរូសហប្រតិបត្តិការដ៏ជោគជ័យបំផុត និងប្រកបដោយភាពរឹងមាំជាមួយគ្នា។ រយៈកាលកន្លងមក តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរបាននឹងកំពុងបង្កើតឱ្យមានការប្រែប្រួលជាវិជ្ជមានមួយ ក្នុងគោលដៅបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកលើវិស័យអាទិភាពនានា និងបន្តឈានទៅការអភិវឌ្ឍរួមគ្នាដែលឥតព្រំដែន។

ថ្មីៗនេះនៅក្នុងព្រឹត្តិការណ៍មួយ គឺការប្រជុំប្រចាំឆ្នាំនៃសភាជាតិ លោក Wang Yi ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងពីទំនាក់ទំនងយូរអង្វែងរវាងចិន និងអាស៊ាន ដោយលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដែលគ្មានដែនកំណត់ ហើយប្រាកដថាទំនាក់ទំនងនេះ នឹងកាន់តែល្អប្រសើរ ជិតស្និទ្ធតទៅទៀត។

យើងបានជ្រាបរួចមកហើយថា ដោយយោងទៅតាមលក្ខខណ្ឌភូមិសាស្ត្រនយោបាយ កន្លងមកអាស៊ានត្រូវបានគេប្រមើលមើលថា នឹងអាចក្លាយជាតំបន់ស្នូល ហើយក៏អាចជាតំបន់ក្ដៅ ប្រសិនបើមានការប្រឈមគ្នា រវាងប្រទេសមហាអំណាចធំៗ ខាងមនោគមន៍នយោបាយ ឬការពង្រីកឥទ្ធិពលក្នុងតំបន់។ ក្នុងនោះការប្រឈមគ្នារវាងអាម៉េរិក និងចិន គឺជាអ្វីដែលគួរឱ្យព្រួយបារម្ភ។

ទំនងជាការឆ្លើយតបមួយជ្រុងទៅនឹងបញ្ហានេះ លោក Wang Yi បានមានប្រសាសន៍ថា តំបន់អាស៊ីប៉ាស៊ីហ្វិក មិនគួរជាក្ដារអុកសម្រាប់ការប្រជែងអំណាចនោះទេ។ ប្រទេសអាស៊ាន មិនមែនជាបំណែកអុកនៅក្នុងការប្រជែងភូមិសាស្ត្រនយោបាយនោះទេ ប៉ុន្តែអាស៊ានជាអ្នកលេងអុកសំខាន់ៗ ដែលនឹងជួយលើកកម្ពស់ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។ លោកបានបញ្ជាក់ថា ប្រទេសចិន និងអាស៊ានត្រូវតែនាំមុខគេ ក្នុងសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអ្នកជំរុញល្បឿនក្នុងសហប្រតិបត្តិការក្នុងតំបន់ និងជាអ្នកការពារស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

គួរបញ្ជាក់ផងដែរថា អាស៊ាន និងចិនបានបង្កើតទំនាក់ទំនងក្នុងឆ្នាំ១៩៩១ និងបានពង្រឹងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រនៅខែតុលា ឆ្នាំ២០០៣។ ទំនាក់ទំនងអាស៊ាន-ចិន សម្រេចបានតាមរយៈយន្តការជាច្រើន រួមទាំងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងផែនការសកម្មភាពរយៈពេល៥ឆ្នាំផងដែរ។

ដោយ៖ ផាត់ គឹមឆែ

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ CHINADAILY, Ecn.cn