ជប៉ុន ផ្តល់ឥណទានសម្បទានប្រមាណ ២០០លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពល
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣០ ប៊ីលានយ៉េន (ប្រមាណ ២០០ លានដុល្លារអាមេរិក)។




ឥណទានសម្បទាននេះ ត្រូវបានផ្តល់ជូនដើម្បីអនុវត្ត «គម្រោងគាំទ្របន្ទាន់លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព» ដែលមានគោលបំណងគាំទ្រការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងកាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅ ការគ្រប់គ្រង និងកែទម្រង់អន្តរកាលនៃបញ្ហាថាមពល។ ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។
ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ


















