រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ» គឺជាព័ត៌មានក្លែងក្លាយ និងប្រកាសច្រានចោលទាំងស្រុង
លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ក្នុងនោះមានទាំង The Nation ផងដែរ ដែលថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំនោះ» គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ ដែលក្រសួងការពារជាតិថៃ សូមច្រានចោលទាំងស្រុង ដោយសារតែព័ត៌មាននេះប្រាសចាកពីការពិត។

លោក Phumtham Wechayachai បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។ លោកបានបន្ថែមថា «របាយការណ៍មួយចំនួនបានលើកឡើងមិនត្រឹមត្រូវ។ បញ្ហានេះបានបង្កបញ្ហាដល់ភាគីកម្ពុជា ដោយសារគាត់មិនបានធ្វើបែបនេះ។ ព័ត៌មានត្រូវតែផ្អែកលើការពិត»៕
ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល