គណៈកម្មការជំរឿនមន្ត្រី បន្តអនុវត្តយុទ្ធនាការចុះជំរឿនមន្ត្រីនៅក្រសួងគោលដៅទី២៥ ដើម្បីធានាភាពច្បាស់លាស់នៃទិន្នន័យមន្រ្តី និងប្រសិទ្ធភាពរដ្ឋបាលសាធារណៈ


ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ សហការជាមួយក្រុមការងារជំរឿនរបស់ក្រសួងសុខាភិបាល បានបន្តអនុវត្តយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងធ្វើជីវមាត្រ នៅទីស្ដីការក្រសួងសុខាភិបាល និងតាមរចនាសម្ព័ន្ធចំណុះក្រសួងសុខាភិបាល ដែលជាក្រសួងគោលដៅទី២៥។

យុទ្ធនាការជំរឿននេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងស្រង់ទិន្នន័យ ផ្ទៀងផ្ទាត់វត្តមាន និងធ្វើជីវមាត្រមន្ត្រីជាក់ស្តែង។ ការអនុវត្តការងារត្រូវបានរៀបចំយ៉ាងម៉ត់ចត់ពេញមួយថ្ងៃ ដោយធានាថា ដំណើរការជំរឿនមន្រ្តីនាពេលនេះ មិនបង្កផលប៉ះពាល់ ឬរំខានដល់ដំណើរការផ្តល់សេវាថែទាំ ព្យាបាល និងសង្គ្រោះជីវិតប្រជាពលរដ្ឋ នៅតាមបណ្តាមន្ទីរពេទ្យ និងអង្គភាពសុខាភិបាលនីមួយៗឡើយ។ យ៉ាងណាមិញបន្ទាប់ពីការផ្ទៀងផ្ទាត់ឯកសារសម្គាល់ខ្លួន និងស្កែនជីវមាត្ររួចរាល់ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ អាចត្រឡប់ទៅបំពេញការងារ តាមតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋជាធម្មតាវិញភ្លាមៗ។

ទន្ទឹមនឹងនេះ មិនខុសពីថ្ងៃទី១ នៃការធ្វើជំរឿន សម្រាប់ថ្ងៃទី២នេះ ក្រុមការងារជំរឿនមន្រ្តីនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីជាក់ស្តែង បានបន្តចុះអនុវត្តការងារផ្ទាល់ស្របពេលតែមួយនៅ ៦គោលដៅផ្សេងៗ រួមមាន៖ (១)ទីស្តីការក្រសួងសុខាភិបាល, (២)វិទ្យាស្ថានជាតិ សុខភាពសាធារណៈ (៣)មន្ទីរពេទ្យកាល់ម៉ែត, (៤)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, (៥)មន្ទីរពេទ្យគន្ធបុប្ផា និង (៦)មន្ទីរពេទ្យកុមារជាតិ។

ជាមួយគ្នានេះ ក្រុមការងារជំរឿននៃក្រសួងមុខងារសាធារណៈ បានបន្តទទួលកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកសុខាភិបាល ដើម្បីធានាឱ្យការស្រង់ទិន្នន័យ ការផ្ទៀងផ្ទាត់ឯកសារ និងការស្កែនជីវមាត្រ ប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ និងតម្លាភាព។ សូមបញ្ជាក់ជូនថា យុទ្ធនាការនេះ នឹងបន្តអនុវត្តការងារនៅតាមបណ្ដារចនាសម្ព័ន្ធចំណុះក្រសួងសុខាភិបាល ដែលជាក្រសួងគោលដៅកំណត់ទី២៥ ជាបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។