ទឹកជំនន់កាន់តែធ្ងន់ធ្ងរ! ពលរដ្ឋថៃនៅអយុធ្យាអំពាវនាវសុំបង្គន់អណ្តែតទឹក
អយុធ្យា៖ គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ស្ថានការណ៍ទឹកជំនន់នៅស្រុក Bang Ban ខេត្តអយុធ្យា ប្រទេសថៃ នៅតែបន្តធ្ងន់ធ្ងរ ដោយទឹកបានឡើងដល់ជាន់ទី២ នៃផ្ទះមួយចំនួន បង្ខំឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយទូក ខណៈគ្រួសារខ្លះត្រូវចាកចេញទៅជួលកន្លែងស្នាក់នៅបណ្តោះអាសន្ន ដើម្បីអាចបន្តទៅធ្វើការបាន។




សហគមន៍តាមបណ្តោយទន្លេ Chao Phraya ជាពិសេសភូមិទី៣ ក្នុងឃុំ Ban Kum បានរងផលប៉ះពាល់យ៉ាងខ្លាំង។ ទឹកបានហៀរចេញពីច្រាំងទន្លេ និងជន់លិចស្ទើរតែទាំងមូលសហគមន៍ ហើយនៅតំបន់ខ្លះ ទឹកក៏ចាប់ផ្តើមហូរឆ្លងកាត់ផ្លូវផងដែរ។
ប្រជាពលរដ្ឋ និងអាជ្ញាធរ បានរួមគ្នាពង្រឹងទំនប់ដី និងដាក់បាវខ្សាច់ ដើម្បីទប់ស្កាត់មិនឱ្យទឹកហូរឆ្លងផ្លូវបន្ថែម។ រថយន្ត និងម៉ូតូត្រូវបានយកទៅចតនៅលើផ្លូវដែលនៅស្ងួត ខណៈទឹកខ្ពស់នៅក្នុងសហគមន៍ បានធ្វើឱ្យគ្រួសារមួយចំនួនមិនអាចប្រើប្រាស់បង្គន់បាន។
ពលរដ្ឋនៅតំបន់នោះបានលើកឡើងថា ទឹកជំនន់លើកនេះស្ថិតក្នុងចំណោមស្ថានការណ៍ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយកំពុងខិតជិតកម្រិតទឹកជំនន់កាលពីឆ្នាំមុន។ បច្ចុប្បន្ន ប្រជាពលរដ្ឋត្រូវចេញពីផ្ទះមុនម៉ោងធម្មតា ដើម្បីទៅធ្វើការ ព្រោះត្រូវធ្វើដំណើរចេញចូលដោយទូក ខណៈចរន្តទឹកខ្លាំងធ្វើឱ្យអ្នកចាស់ជរាជួបការលំបាកខ្លាំង។
បញ្ហាធំមួយសម្រាប់ពលរដ្ឋ គឺការខ្វះបង្គន់ដែលអាចប្រើប្រាស់បាន។ អ្នកស្រុកមួយចំនួនបារម្ភថា ការចែវទូកឆ្លងកាត់ទឹកជំនន់ដើម្បីទៅប្រើបង្គន់ អាចមិនមានសុវត្ថិភាព ដូច្នេះពួកគេបានអំពាវនាវឱ្យអាជ្ញាធរផ្តល់បង្គន់អណ្តែតទឹកបណ្តោះអាសន្ន ដើម្បីជួយសម្រាលការលំបាកក្នុងអំឡុងពេលទឹកជំនន់។
ប្រភព៖ Khaosod











