មេបញ្ជាការកងទ័ពថៃ បញ្ជាផ្លាស់ប្តូរ និងតែងតាំងមន្ត្រីយោធាជាន់ខ្ពស់ជិត ៤០០នាក់ ដែលទទួលខុសត្រូវលើអង្គភាពប្រយុទ្ធនៅតាមព្រំដែនកម្ពុជា និងមីយ៉ាន់ម៉ា
មេបញ្ជាការកងទ័ពថៃ បានចេញបញ្ជាផ្លាស់ប្តូរ និងតែងតាំងមន្ត្រីយោធាជាន់ខ្ពស់ថ្នាក់វរសេនីយ៍ឯកចំនួន ៣៩២រូប ក្នុងនោះរួមមានមេបញ្ជាការដែលទទួលខុសត្រូវលើអង្គភាពប្រយុទ្ធនៅតាមព្រំដែនកម្ពុជា និងមីយ៉ាន់ម៉ា ផងដែរ។

ក្នុងចំណោមការផ្លាស់ប្តូរនោះ វរសេនីយ៍ឯក Chainarong Kasi មេបញ្ជាការកងវរសេនាតូចថ្មើរជើងទី១២ កងអង្គរក្សព្រះមហាក្សត្រ ត្រូវបានដំឡើងតំណែង ក្រោយពីបានដឹកនាំប្រតិបត្តិការសន្តិសុខតាមបណ្តោយព្រំដែនថៃ-កម្ពុជា នៅខេត្តស្រះកែវ ក្នុងអំឡុងការប្រយុទ្ធចំនួន ២លើកថ្មីៗនេះ។
ចំណែក វរសេនីយ៍ឯក Natthaphon Juanchareon នឹងចូលកាន់តំណែងជាមេបញ្ជាការកងវរសេនាតូចថ្មើរជើងទី១២ ខណៈមន្ត្រីយោធាជាច្រើនរូបផ្សេងទៀត ត្រូវបានផ្ទេរ និងតែងតាំងឱ្យកាន់តំណែងសំខាន់ៗ នៅក្នុងតំបន់យោធាទី១ ទី២ ទី៣ និងទី៤ រួមទាំងបញ្ជាការដ្ឋានសង្គ្រាមពិសេសផងដែរ។
បញ្ជាផ្លាស់ប្តូរនេះ ត្រូវបានចុះហត្ថលេខាដោយមេបញ្ជាការកងទ័ពថៃ នាយឧត្តមសេនីយ៍ Pana Claewplodtook កាលពីថ្ងៃទី២ ខែតុលា ដោយគ្របដណ្តប់លើការដំឡើងតំណែង និងផ្ទេរភារកិច្ចមន្ត្រីយោធាថ្នាក់វរសេនីយ៍ឯកជាន់ខ្ពស់ទូទាំងប្រទេស។
ប្រភព៖ Khaosod












