ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ពីទិសដៅ ៦ចំណុច នៃការជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា
ថ្លែងក្នុងឱកាសបើកជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវទិសដៅ៦ចំណុច ដែលក្រសួងមហាផ្ទៃ បើកការធ្វើជំរឿនមន្ត្រីនគរបាលជាតិ ជាបន្តបន្ទាប់ទូទាំងប្រទេស។

បើតាមប្រមុខក្រសួងមហាផ្ទៃ ទិសដៅទាំងនោះរួមមាន ១. ស្គាល់ច្បាស់ពីកម្លាំងដែលមានស្រាប់ ២. ដឹងពីតម្រូវការកម្លាំងជាក់ស្តែង ៣. ស្គាល់ពីសមត្ថភាពរបស់មន្ត្រី ៤. ពង្រឹងការគ្រប់គ្រងរដ្ឋបាល ៥. ធ្វើទំនើបកម្មការគ្រប់គ្រង និងទី៦. ប្រើប្រាស់លទ្ធផល ដើម្បីធ្វើការសម្រេចចិត្ត។
យោងតាមរបាយការណ៍ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានឱ្យដឹងថា ជំរឿនមន្ត្រីនគរបាលជាតិដែលចាប់ផ្ដើមនាពេលនេះ គឺគ្របដណ្តប់លើអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃចំនួន ៣ មានជាអាទិ៍ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ដើម្បីធានាដល់ការងារជំរឿនប្រព្រឹត្តទៅដោយរលូន និងទទួលបានប្រសិទ្ធភាពខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ក៏បានបញ្ជាក់អំពីនីតិវិធីនៃដំណើរការជំរឿនជាក់ស្តែង ដែលជាដំបូង មន្រ្តីលេខាធិការដ្ឋានមកពីអង្គភាពសាមីហៅឈ្មោះមន្រ្តីនគរបាលម្នាក់ៗមកជួបមន្រ្តីបច្ចេកវិទ្យា ដើម្បីថតរូបភាព ផ្តិតមេដៃស្តាំ និងចុះហត្ថលេខាលើ Dashboard សម្រាប់បញ្ចូលទៅក្នុង ប្រព័ន្ធបច្ចុប្បន្នភាពទិន្នន័យមន្រ្តីនគរបាលជាតិ។
ក្រសួងមហាផ្ទៃបានណែនាំថា មន្រ្តីម្នាក់ៗត្រូវពិនិត្យទិន្នន័យផ្ទាល់ខ្លួននៅលើវិញ្ញាបនបត្រជំរឿនមន្រ្តីនគរបាលជាតិ លើកទី៤ រួចផ្តិតមេដៃស្តាំ និងសរសេរឈ្មោះនៅលើវិញ្ញាបនបត្រនោះ ផ្តិតមេដៃស្តាំនៅលើសៀវភៅបិទរូបថត និងចុងបញ្ចប់ទៅជួបមន្រ្តីលេខាធិការដ្ឋាន ដើម្បីចុះហត្ថលេខានៅលើបញ្ជីវត្តមាន ដើម្បីបញ្ចប់ដំណើរការជំរឿន។
ដោយឡែក សម្រាប់ការបើកធ្វើជំរឿននៅថ្ងៃនេះ ក្រសួងមហាផ្ទៃបានចាប់ផ្ដើមអនុវត្តលើអគ្គនាយកដ្ឋានចំនួន៣ រួមមានអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ មន្ត្រីជំនាញនិងបន្តការធ្វើជំរឿននៅតាមបណ្ដាអង្គភាពផ្សេងៗទៀតថ្នាក់ក្រសួងមហាផ្ទៃ មុនបន្តទៅធ្វើជំរឿននៅថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង២៥។
ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ជូនទៅកាន់មន្រ្តីថា ការធ្វើជំរឿននេះ មិនមែនជាការដាក់កំហិតរឹតបន្តឹងធ្វើបាបមន្រ្តីណាមួយឡើយ។ ផ្ទុយទៅវិញ តាមរយៈភាពច្បាស់លាស់នៃទិន្នន័យដែលបានមកពីការធ្វើជំរឿននេះ ទីមួយ‑សាមីមន្រ្តីនឹងទទួលបានការការពារ និងអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ ទីពីរ‑ធានាបាននូវប្រសិទ្ធភាពលើការងារកែទម្រង់ និងអភិវឌ្ឍន៍កងកម្លាំង ទាំងវិន័យ និងសមត្ថភាពជំនាញ និងទីបី‑គឺមានលទ្ធភាពពេញលេញ ដើម្បីពង្រឹងនិងអភិវឌ្ឍន៍អង្គភាព រួមទាំងស្ថាប័នកងកម្លាំងយើងទាំងមូល។
ប្រភព៖ ក្រសួងមហាផ្ទៃ

















