ថៃព្រួយបារម្ភពីសារធាតុពុលឆ្លងដែន និងគ្រោងបង្កើតក្រុមពិសេសមួយ ដើម្បីឃ្លាំមើលការជីកយករ៉ែនៅមីយ៉ាន់ម៉ា !


បាងកក៖ រដ្ឋាភិបាលថៃគ្រោងបង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះពិនិត្យប្រភពនៃការបំពុលបរិស្ថានដែលបង្កឡើងដោយសកម្មភាពជីកយករ៉ែនៅប្រទេសជិតខាង និងស្វែងរកវិធានការដោះស្រាយឱ្យបានឆាប់រហ័ស ខណៈប្រជាពលរដ្ឋនៅតំបន់ពាក់ព័ន្ធកំពុងប្រឈមនឹងផលប៉ះពាល់ជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ Chaipruak Doungprapat អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានថ្លែងនៅវិមានរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្រុមការងារពិសេសនឹងចុះទៅពិនិត្យទីតាំងជាក់ស្តែង ដើម្បីកំណត់ប្រភពនៃការបំពុល រួមទាំងរោងចក្រឧស្សាហកម្មដែលពាក់ព័ន្ធនឹងការជីកយករ៉ែផងដែរ។

លោកបានបញ្ជាក់ថា បញ្ហានេះកំពុងក្លាយជាប្រធានបទក្ដៅ ដែលត្រូវបានលើកយកមកពិភាក្សារវាងថៃ ចិន និងមីយ៉ាន់ម៉ា។ កន្លងមក លោកបានលើកបញ្ហានេះមកពិភាក្សាជាមួយអាជ្ញាធរចិន ខណៈនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ថែមទាំងបានពិភាក្សាដូចគ្នា ហើយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ ក៏បានអញ្ជើញជួបពិភាក្សាជាមួយភាគីមីយ៉ាន់ម៉ាដោយផ្ទាល់ផងដែរ។

លោក Chaipruak បានឱ្យដឹងថា ភាគីថៃអាចពិភាក្សាជាមួយអាជ្ញាធររដ្ឋសានរបស់មីយ៉ាន់ម៉ា ដើម្បីស្វែងរកប្រភពនៃការបំពុល និងវិធានការដោះស្រាយ។ ជម្រើសមួយដែលកំពុងត្រូវបានពិចារណា គឺការស្នើឱ្យក្រុមហ៊ុននៅថៃផ្អាកទទួលទិញរ៉ែពីមីយ៉ាន់ម៉ាសម្រាប់នាំចេញ ប៉ុន្តែលោកយល់ថាត្រឹមតែវិធានការនេះមួយ នៅមិនគ្រប់គ្រាន់នោះទេ។

លោកបានបន្ថែមថា តាមព័ត៌មានដែលលោកទទួលបាន កន្លែងជីកយករ៉ែមានប្រព័ន្ធចម្រោះទឹកសំណល់មុនបង្ហូរចេញ ប៉ុន្តែប្រព័ន្ធទាំងនោះមិនមានប្រសិទ្ធភាពតាមស្តង់ដារឡើយ។ លើសពីនេះ ក៏មានរោងចក្រកែច្នៃរ៉ែជាច្រើនកន្លែង ដែលតម្រូវឱ្យមានការចាត់វិធានការទាំងលើរោងចក្រធំៗ និងរោងចក្រខ្នាតតូចផងដែរ។

អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃរូបនេះ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងបី គឺជាកត្តាចាំបាច់ ដើម្បីអាចចូលទៅពិនិត្យប្រភពបំពុល និងកំណត់ដំណោះស្រាយឱ្យចំគោលដៅ។ ប្រសិនបើចិន និងមីយ៉ាន់ម៉ាមិនផ្តល់កិច្ចសហការទេ ថៃនឹងត្រូវពិចារណាលើវិធានការផ្សេងទៀត។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ថា បញ្ហានេះកំពុងបង្កក្តីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពស្បៀងអាហារ និងការចម្លងសារធាតុពុលទៅក្នុងចំណីអាហារ និងទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋថៃយ៉ាងខ្លាំង។ ដូច្នេះ រដ្ឋាភិបាលថៃមិនអាចរង់ចាំយូរបានទេ ខណៈប្រជាពលរដ្ឋកំពុងរងទុក្ខលំបាក និងត្រូវការដំណោះស្រាយជាបន្ទាន់។

ប្រភព៖ The Star