ទឹកជំនន់ហូរច្រោះដាច់ចិញ្ចើមផ្លូវជាតិលេខ៥៧-៧ ប្រវែងប្រមាណ ១៥ម៉ែត្រ នៅស្រុកសំឡូត!
បាត់ដំបង៖ ជំនន់ទឹកភ្លៀងបានហូរច្រោះចិញ្ចើមផ្លូវជាតិលេខ៥៧-៧ ប្រវែងប្រមាណ ១៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ខណៈអាជ្ញាធរបានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះយានយន្តដឹកទំនិញ និងយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ទីតាំងនេះ។




យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកសំឡូត ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀង និងភ្លៀងដែលបន្តធ្លាក់ជាបន្តបន្ទាប់ បានបង្កឱ្យផ្លូវ និងស្ពានមួយចំនួនក្នុងស្រុកសំឡូតរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ ចិញ្ចើមផ្លូវជាតិលេខ៥៧-៧ ត្រូវបានទឹកហូរច្រោះប្រវែងប្រមាណ ១៥ម៉ែត្រ ដែលអាចបង្កហានិភ័យដល់ការធ្វើដំណើរ។
ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ រដ្ឋបាលស្រុកបានផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរណ៍របស់យានយន្តដឹកទំនិញធុនធ្ងន់ ដូចជា រថយន្តយីឌុប រថយន្តដឹកសម្ភារៈសំណង់ រថយន្តដឹកកសិផល និងរថយន្តដឹកដីជាដើម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។
រដ្ឋបាលស្រុកសំឡូត ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាព ដើម្បីរួមគ្នាបង្ការគ្រោះថ្នាក់ និងទប់ស្កាត់ការខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរ៕











